តុក្តតាទាពណ៌លឿងបានក្លាយជានិមិត្តរូបដ៏សំខាន់ថ្មីមួយរបស់ក្រុមបាតុករថៃ ដោយចៃដន្យ
ថៃ៖ តុកត្តាទាពណ៌លឿងបានក្លាយជានិមិត្តរូបដ៏សំខាន់ថ្មីមួយរបស់ក្រុមបាតុករថៃ ដែលបើយោងតាមការសង្កេតមើលឲ្យស៊ីជម្រៅទៅគឺនិមិត្តរូបពិសេសមួយនេះបានកើតឡើងដោយភាពចៃដន្យប៉ុណ្ណោះ តែមិនមែនជាការគ្រោងទុកព្រោះគោលបំណងជាក់លាក់ណាមួយនោះទេ។ គេនៅចាំបានថា កាលពីអំឡុងខែវិច្ឆិកាកន្លងទៅនេះក្រុមប៉ូលិថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករជាលើកដំបូងចាប់តាំងពីមានលចនាបាតុកម្មមក ខណៈពេលនោះ ក្រុមបាតុករបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញនៅពីមុខវិមានរដ្ឋសភាថៃ។ ដើម្បីទប់ទល់នឹងការបង្រ្កាបពីសំណាក់អាជ្ញាធរ ក្រុមបាតុករបាននាំគ្នាយកទាបា្លស្ទិកពណ៌លឿនដែលតាមធម្មតាទានេះគឺសម្រាប់ប្រើប្រាស់ជាពោងនៅក្នុងអាងទឹកមកការពារខ្លួនពីកាណុងបាញ់ទឹកបានយ៉ាងមានប្រសិទ្ធភាព។

បន្ទាប់មកទៀតរាល់ពេលដែលមានការប្រមូលផ្តុំគ្នាគឺក្រុមបាតុករថៃតែងតែយកទាប្លាស្ទិកមកតាមខ្លួនជានិច្ចសម្រាប់ការពារខ្លួន ហើយនិន្នាការក៏បន្តផុសផុលខ្លាំងឡើង រហូតមកទល់នឹងពេលនេះរូបទាពណ៌លឿងត្រូវបានគេយកទៅច្នៃធ្វើជារបស់ប្រើប្រាស់ជាច្រើនទៀតផងមានទាំង ស្បែកជើង មួក បូរពាក់សក់សម្រាប់ស្រ្តី អាវ ខោ ពោលគឺវត្ថុប្រើប្រាស់តាំងពីក្បាលរហូតដល់ជើង។ បាតុករថៃម្នាក់ឈ្មោះ Sam អាយុ ៣០ ឆ្នាំបានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ទាបា្លស្ទិកប្រៀបបានដូចជាអង្គរក្សសម្រាប់ការពារពួកយើងដ៏អស្ចារ្យមួយក្នុងការទាមទាសេរីភាព ដូចនេះហើយទើបពួកយើងឲ្យតម្លៃទៅលើរូបទានិងយកវាមកធ្វើជានិមិត្តរូបតែម្តង។ ក្រៅតែពីបានប្រើប្រាស់ទាប្លាស្ទិកតាមហេតុផលដូចបានជម្រាប់ជូនខាងលើនេះ នាពេលកន្លងក្រុមបាតុករថៃក៏បានយកទាបា្លស្ទិកទៅបណ្តែតពេញផ្ទៃទន្លេចៅប្រាយ៉ាក្រោយវិមានរដ្ឋសភាផងដែរ ដោយពួកគេបានភ្ជាប់នូវញតិជាច្រើនដែលពួកគេគ្រោងដាក់ជូនរដ្ឋសភានៅលើទាប្លាស្ទិកទាំងនោះផងដែរ៕







អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍