ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ បានស្លាប់ដោយសារជាប់គាំងនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅប្រទេសចិន

    BY autoadmin December 5, 2020
    យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ បានស្លាប់ដោយសារជាប់គាំងនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅប្រទេសចិន

    ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ បានរាយការណ៍ថា មានមនុស្សចំនួន ១៨នាក់ បានស្លាប់ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅទីក្រុងឆុងឈីងភាគនិរតីប្រទេសចិន ដែលជាឧប្បត្តិហេតុទី២ របស់តំបន់នេះក្នុងរយៈពេលតែជាង ២ខែ ប៉ុណ្ណោះ។ ទីភ្នាក់ងារបាននិយាយថា អ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្ស ២៤នាក់ ដែលជាប់នៅក្រោមដី ដោយសារកម្រិតឧស្ម័នកាបូនម៉ូណូអុកស៊ីដច្រើនពេក នៅក្នុងអណ្តូងធ្យូងថ្ម Diaoshuidong ។ ជនរងគ្រោះម្នាក់ត្រូវបានគេជួយសង្គ្រោះ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅកំពុងបន្ដ។

    ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃសុក្រ នៅម៉ោងប្រហែល ៥ ល្ងាច (ម៉ោងក្នុងស្រុក) នៅក្នុងអណ្តូងរ៉ែដែលបិទទ្វារអស់រយៈពេលជាង ២ខែ ខណៈឧបករណ៍ក្រោមដីរបស់ក្រុមហ៊ុនកំពុងត្រូវបានស៊ើបអង្កេត។ ជម្រាបដែរថាចិនស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលមានអត្រាស្លាប់ដោយសារការងារអណ្ដូងរ៉ែច្រើនជាងគេបំផុតនៅលើពិភពលោក។ កាលពីចុងខែកញ្ញា មានជនរងគ្រោះចំនួន ១៦នាក់ បានស្លាប់ បន្ទាប់បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម Songzao ក្នុងទីក្រុងឆុងឈីងនេះដូចគ្នា។

    ទីភ្នាក់ងារស៊ីនហួបាននិយាយថា អណ្ដូងរ៉ែ Diaoshuidong ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៧៥ និងដំណើរការតាំងពីឆ្នាំ១៩៩៨ ហើយក្នុងនាមជាសហគ្រាសឯកជន វាគឺជាអណ្តូងរ៉ែឧស្ម័នខ្ពស់មួយ ដែលមានសមត្ថភាពជីកយកធ្យូងថ្ម ១២ ម៉ឺនតោន រៀងរាល់ឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: