កូរ៉េខាងត្បូងកំពុងប្រឈមនឹងរលកទី ៣ នៃការរាតត្បាតជំងឺកូវីដ ១៩ ក្រោយរកឃើញអ្នកឆ្លងថ្មីជាង ៦០០ ករណីក្នុងមួយថ្ងៃ
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃចន្ទ ទី ៧ ខែវិច្ឆិកា ម្សិលមិញនេះ ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៣១ បន្ថែមទៀត ដែរចំនួននេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមួយក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ តាមរយៈទិន្នន័យខាងលើនេះ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានមើលឃើញថា កូរ៉េខាងត្បូងកំពុងតែប្រឈមនឹងរលករាតត្បាតខ្លាំងជាថ្មីម្តងទៀត ពោលគឺជារលកទី ៣ នៃរីករាលដាលជំងឺកូវីដ ១៩ រាប់ចាប់តាំងពីជំងឺនេះផ្តើមកើតមាននៅក្នុងប្រទេសចិនមក។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន ឬដាក់ចេញនៅយន្តការណាមួយថ្មីនោះទេ ក្រៅតែពីអំពាវនាវឲ្យពលរដ្ឋខ្លួនបន្តអនុវត្តវិធានការតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ ឥរិយាបថនេះក៏បានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងមួយចំនួននាំគ្នាធ្វើការរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងផងដែរ ព្រោះតែរដ្ឋាភិបាលមិនព្រមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀតដូចជា តម្រូវឲ្យមានរនាំងការពារនៅតាមភោជនីយដ្ឋាន កំណត់សុពលភាពនៃការប្រើប្រាស់ម៉ាស់ឲ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឲ្យតឹងរឹងជាងមុនចំពោះពលរដ្ឋដែលមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជាដើម។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៨ ១៦១ ករណី និងស្លាប់ចំនួន ៥៤៩ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia, guardiannews