កូរ៉េខាងត្បូងកំពុងរៀបចំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឆ្នាំក្រោយ ខណៈករណីបានកើនឡើងយ៉ាងគំហុក
កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥៩៤ ករណី នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលកំពុងរៀបចំផែនការរបស់ខ្លួន ដើម្បីរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋរបស់ខ្លួនរាប់លាននាក់នៅឆ្នាំក្រោយ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់សម្ដីមន្រ្តីក្រសួងការបរទេសម្នាក់ថា គេរំពឹងថាក្រុមមន្រ្តីនឹងបង្ហាញពីចំនួនវ៉ាក់សាំងដែលខ្លួនទទួលបាន នៅពេលដែលចាក់វ៉ាក់សាំងទាំងនោះនឹងមកដល់។

មិនដូចរលកនៃការឆ្លងចំនួន ២ ពីមុនរបស់កូរ៉េខាងត្បូង ដែលភាគច្រើនផ្តោតសំខាន់ទៅលើទីតាំង ឬព្រឹត្តិការណ៍មួយចំនួនតូចនោះទេ រលកថ្មីកំពុងត្រូវបានជំរុញដោយចង្កោមតូចៗ និងពិបាករកដាននៅក្នុងនិងជុំវិញទីក្រុងរដ្ឋធានីសេអ៊ូល។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kang Do-tae បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចតាមដានប្រភពដើមនៃករណីចំនួន ២៦% ក្នុងចំណោមករណីទាំងអស់នោះទេ ហើយអត្រាវិជ្ជមានបានកើនឡើងជិត ៤ដង ក្នុងខែនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវកាលពីថ្ងៃច័ន្ទ ឱ្យមានការពង្រីកការធ្វើតេស្ដ និងការតាមដានយ៉ាងហ្មត់ចត់បន្ថែមទៀត បើទោះបីជាមានវិធានការរក្សាគម្លាត ដែលរឹតត្បិតកាន់តែខ្លាំងឡើងក៏ដោយ។ អាជ្ញាធរសុខាភិបាលបានព្យាករណ៍ថា ករណីប្រចាំថ្ងៃនឹងកើនឡើងពី ៥៥០ ទៅ ៧៥០ ក្នុងសប្តាហ៍នេះ ហើយអាចនឹងកើនឡើងដល់ ៩០០ ករណី នៅសប្តាហ៍ក្រោយ។
ប្រសិនបើការព្យាករណ៍បែបនេះមានភាពត្រឹមត្រូវ លោក Kang Do-tae បាននិយាយថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាចនឹងដួលរលំ។ គួរឱ្យដឹងដែរថាប្រទេសកូរ៉េខាងត្បូង មានករណីជំងឺ COVID-19 សរុបចំនួន ៣៨ ៧៥៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៥២នាក់ ដោយសារជំងឺនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia