លោកយាយវ័យ៩០ឆ្នាំ ជាមនុស្សដំបូងគេលើពិភពលោក ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ចក្រភពអង់គ្លេសនៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះបានចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech ទៅកាន់ពលរដ្ឋរបស់ខ្លួន ហើយពលរដ្ឋដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេគឺចាស់ជរា បុគ្គលិកសុខាភិបាល អ្នកធ្វើការសង្គម និងអ្នកងាយមានហានិភ័យផ្សេងទៀត។ ជម្រាបដែរថាអង់គ្លេសគឺជាប្រទេសនៅអឺរ៉ុបដំបូងបង្អស់ ដែលអនុញ្ញាតឱ្យមានការប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផ្លូវការ នៅក្នុងអ្វីដែលពួកគេហៅថាជាការទប់ស្កាត់ការរីករាលដាលនៃជំងឺ។

ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំទៅកាន់ពលរដ្ឋអង់គ្លេស ហើយលោកយាយ Margaret Keenan ដែលមានអាយុ ៩០ឆ្នាំ គឺជាមនុស្សដំបូងដែលបានទទួលវ៉ាក់សាំងនេះ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយនៅក្រុង Coventry ។ គាត់បាននិយាយថា វាដូចជាកាដូខួបកំណើតសម្រាប់គាត់ផងដែរ ដោយសារតែអាទិត្យក្រោយនេះគឺគាត់ឈានចូលអាយុ ៩១ឆ្នាំ ហើយគាត់នឹងអាចចំណាយពេលជាមួយគ្រួសារអំឡុងពេលឆ្នាំថ្មី ដោយមិនចាំបាច់បារម្ភពីជំងឺ COVID-19 នោះទេ។
គួរឱ្យដឹងដែរថានៅក្នុងសប្ដាហ៍ដំបូងនេះ អង់គ្លេសរំពឹងថាវ៉ាក់សាំងចំនួន ៨០០,០០០ ដូស នឹងត្រូវមានសម្រាប់ចាក់ជូនពលរដ្ឋ ហើយខ្លួនក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៤០លានដូស ដែលវាគ្រប់គ្រាន់សម្រាប់ពលរដ្ឋចំនួន ២០លាននាក់ ។ វាគឺជាក្ដីសង្ឃឹមធំបំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដោយសារថាទម្រាំអាចមានវ៉ាក់សាំងជូនពលរដ្ឋ ពិភពលោកទាំងមូលបាត់បង់មនុស្សជាង ១.៥ លាននាក់ រួចមកហើយ ខណៈប្រទេសនានាកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ