ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាណាដាបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ជាផ្លូវការ

    BY autoadmin December 10, 2020
    កាណាដាបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ជាផ្លូវការ

    អាជ្ញាធរសុខាភិបាលប្រទេសកាណាដាបានអនុញ្ញាតជាផ្លូវការ ឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់។ ក្រសួងសុខាភិបាលកាណាដាបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តវ៉ាក់សាំងនេះ បន្ទាប់ពីបានពិនិត្យមើល ដោយផ្អែកលើស្តង់ដារបណ្តោះអាសន្នសម្រាប់ថ្នាំ និងវ៉ាក់សាំង។ ក្រសួងបាននិយាយផងដែរថា វ៉ាក់សាំងនេះបំពេញតាមតម្រូវការសុវត្ថិភាពត្រឹមត្រូវរបស់វា ហើយដំណើរការពិនិត្យឡើងវិញគឺមានភាព «ហ្មត់ចត់» ។

    អាជ្ញាធរបាននិយាយថា បន្ទាប់ពីការចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺ COVID-19 ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ មន្ត្រីនឹងតាមដានសុវត្ថិភាពវ៉ាក់សាំងនេះយ៉ាងជិតស្និទ្ធ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពឡើយ ប្រសិនបើមានការព្រួយបារម្ភណាមួយត្រូវបានរកឃើញ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកាណាដាបាននិយាយថា ប្រទេសនេះរំពឹងថា នឹងទទួលបានវ៉ាក់សាំងរហូតដល់ ២៤៩,០០០ ដូស ក្នុងខែនេះ ហើយកញ្ចប់ទីមួយនឹងមកដល់នៅដើមសប្តាហ៍ក្រោយ។

    រំលឹកផងដែរថា អង់គ្លេសជាប្រទេសដំបូងគេបំផុតលើពិភពលោក ដែលបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកាលពីដើមខែនេះ ហើយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបានចាប់ផ្តើមបានប៉ុន្មានថ្ងៃរួចមកហើយ។ ចំណែកប្រទេសបារ៉ែនបានក្លាយជាប្រទេសទី២ ដែលបានយល់ព្រមឱ្យមានការប្រើវ៉ាក់សាំងនេះ។ និយតករអាមេរិកក៏ទំនងជានឹងបញ្ចប់ការពិនិត្យឡើងវិញរបស់ពួកគេក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យមានការប្រើប្រាស់វាជាបន្ទាន់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: