ក្រុមហ៊ុន Pfizer និង BioNTech និយាយថា ពួក Hacker បានលួចចូលមើលទិន្នន័យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ទីភ្នាក់ងារឱសថអឺរ៉ុប
ក្រុមហ៊ុនឱសថយក្សរបស់អាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់បាននិយាយថា ពួកហេគឃឺបានចូលមើលទិន្នន័យវ៉ាក់សាំងការពារជំងឺ COVID-19 ដោយខុសច្បាប់ នៅឯស្ថាប័នត្រួតពិនិត្យឱសថរបស់សហភាពអឺរ៉ុប។ ទីភ្នាក់ងារថ្នាំអឺរ៉ុប (European Medicines Agency) ដែលមានមូលដ្ឋាននៅទីក្រុងអាំស្ទែដាំបានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា វាជាគោលដៅនៃការវាយប្រហារតាមអ៉ីនធឺណេត ប៉ុន្តែមិនបានផ្តល់ព័ត៌មានអ្វីលម្អិតបន្ថែមទៀតទេ។

ក្រុមហ៊ុន Pfizer និង BioNTech បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយនិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការវាយប្រហារតាមអ៉ីនធឺណេតនេះ។ ពួកគេបាននិយាយថា ទិន្នន័យវ៉ាក់សាំងបេក្ខភាពរបស់ក្រុមហ៊ុនទាំង ២ ដែលទុកនៅមាស៊ីនមេរបស់ EMA ត្រូវបានហេគឃឺលួចចូល ប៉ុន្តែប្រព័ន្ធរបស់ពួកគេមិនត្រូវបានបែកធ្លាយទេ ហើយពួកគេមិនទាន់ជឿថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមក្នុងការសាកល្បងត្រូវបានបែកចេញនោះឡើយ។
ពួកគេបានបន្ថែមទៀតថា៖«យើងរង់ចាំព័ត៌មានបន្ថែមអំពីការស៊ើបអង្កេតរបស់ EMA ហើយនឹងឆ្លើយតបឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់របស់ EU»។ ជម្រាបដែរថា EMA កំពុងធ្វើការអនុម័តលើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នៅដំណាច់ឆ្នាំនេះ ហើយ EMA បាននិយាយថា ការវាយប្រហារនេះនឹងមិនប៉ះពាល់ដល់ដំណើរការពិនិត្យឡើងវិញលើវ៉ាក់សាំង ដើម្បីផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ RT