ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីលមួយ បានចាប់ផ្ដើមដំណើរការយន្តហោះ Boeing 737 MAX ឡើងវិញ បន្ទាប់ពីម៉ូដែលនេះត្រូវបានផ្អាកដំណើរការជិត ២ឆ្នាំ

    BY autoadmin December 10, 2020
    ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីលមួយ បានចាប់ផ្ដើមដំណើរការយន្តហោះ Boeing 737 MAX ឡើងវិញ បន្ទាប់ពីម៉ូដែលនេះត្រូវបានផ្អាកដំណើរការជិត ២ឆ្នាំ

    ក្រុមហ៊ុនអាកាសចរណ៍មួយដែលដំណើរការដោយប្រេស៊ីល បានក្លាយជាក្រុមហ៊ុនដំបូងបង្អស់ ដែលចាប់ផ្តើមដំណើរការយន្តហោះ Boeing 737 MAX សម្រាប់ជើងហោះហើរពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីមានការផ្អាកអស់រយៈពេលជិត ២ឆ្នាំ។ រំលឹកដែរថាយន្ដហោះទាំងអស់នៃម៉ូដែលនេះ ត្រូវបានគេផ្អាកដំណើរការ និងចតចោលនៅទូទាំងពិភពលោក ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។ យ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ Gol Airlines របស់ប្រេស៊ីល បានដាក់ដំណើរការយន្តហោះឡើងវិញនៅថ្ងៃពុធនេះ ដោយបានហោះចេញពីទីក្រុងសៅប៉ូឡូ ទៅកាន់ក្រុងផូតូអាល់ក្រេ។

    ក្រុមហ៊ុនអាកាសចរណ៍មួយនេះគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ Boeing 737 MAX របស់ខ្លួនទាំងអស់ឡើងវិញនៅដំណាច់ឆ្នាំនេះ។ មុនការផ្អាកដំណើរការម៉ូដែលនេះគឺដោយសារ ការធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីក្នុងខែតុលា ឆ្នាំ២០១៨ និងមួយផ្សេងទៀតនៅអេត្យូពី ក្នុងខែមីនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានការបញ្ឈប់ដំណើរការយន្តហោះទាំងអស់ដែលជាម៉ូដែលដូចគ្នានោះ។

    រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកក៏បានផ្តល់ភ្លើងខៀវដល់ម៉ូដែលនេះ សម្រាប់ការចាប់ផ្តើមជើងហោះហើរឡើងវិញនៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានគេរំពឹងថា នឹងក្លាយជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករបន្ទាប់ ដែលនឹងចាប់ផ្តើមហោះហើរ 737 MAX ម្តងទៀត ដែលត្រូវបានគ្រោងទុកក្នុងរយៈពេលប្រហែលពីរសប្តាហ៍ក្រោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: