ងាយៗ! បំបាត់បញ្ហារោលរលាកបន្ទាប់ពីកោររោម ជាមួយនឹងវិធីសាស្ត្របែបធម្មជាតិដ៏មានប្រសិទ្ធិភាពទាំងនេះ
ការរោលរលាកលើស្បែកបន្ទាប់ពីកោររោម គឺជាបញ្ហាទូទៅបំផុតមួយដែលទាំងបុរស និងនារីឧស្សាហ៍ជួបប្រទះ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីដោះស្រាយបញ្ហាស្បែករោលរលាកបន្ទាប់ពីការកោររោម រួមជាមួយនឹងចំណុចដែលអ្នកគួរចងចាំដើម្បីជៀសផុតពីបញ្ហានេះ ៖
១. ម្ស៉ៅពោត ឬម្ស៉ៅកូនក្មេង ៖ ដើម្បីការរោលរលាក ឡើងកន្ទួលក្រហម និងរមាស់ បន្ទាប់ពីកោររោមរួច អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅហ៊ុយ ឬម្ស៉ៅកូនក្មេងលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច។ ប៉ុន្តែប្រសិនបើអ្នកគ្មានម្ស៉ៅកូនក្មេងទេនោះ ចូរលាយម្ស៉ៅពោតជាមួយនឹងទឹកឲ្យក្លាយជាល្បាយខាប់ៗ ហើយលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកធម្មតា។ ទោះជាយ៉ាងណាមុននឹងអនុវត្តន៍រូបមន្តម្ស៉ៅពោត អ្នកត្រូវប្រាកដខ្លួនឯងសិនថាគ្មានកើតរោគស្បែក។

២. ទឹកឃ្មុំ ៖ អស់រយៈពេលជាច្រើនសតវត្សមកហើយដែលទឹកឃ្មុំត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីព្យាបាលរបួស និងបញ្ហាស្បែកផ្សេងៗ។ ឥទ្ធិពលប្រឆាំងការរលាក និងមេរោគនៃទឹកឃ្មុំអាចមានឥទ្ធិពលទៅលើតំបន់ស្បែកដែលរលាក ហើយជាលទ្ធផលចុងក្រោយអ្នកនឹងទទួលស្បែកភ្លឺរលោងមានសំណើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំឆៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។

៣. ប្រទាលកន្ទុយក្រពើ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្រង់យកជែលប្រទាលកន្ទុយក្រពើដុសថ្នមៗលើស្បែក។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។

៤. ត្រសក់ ៖ ដើម្បីកាត់បន្ថយការរលាកឡើងរោលបានឆាប់រហ័ស អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតបន្ទះត្រសក់ស្រស់ត្រជាក់លើស្បែក និងទុកចោលសម្រាប់រយៈពេលប្រហែលជា ១៥ នាទី។

៥. ថ្នាំអាស្ពីរីន ៖ រំលាយអាស្ពីរីនចំនួនពី ២ ទៅ ៣ គ្រាន់ក្នុងទឹកធម្មតា ដើម្បីបង្កើតបានជាល្បាយខាប់ៗមួយ។ លាយល្បាយលើតំបន់ស្បែកដែលរោលរលាក និងទុលចោលសម្រាប់រយៈពេល ១០នាទីសិន សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ជៀសវាងអនុវត្តន៍រូបមន្តនេះ ប្រសិនបើអ្នកមានស្បែកស្ដើងឆាប់ប្រតិកម្ម។

៦. ទឹកខ្មេះផ្លែប៉ោម ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា បន្ទាប់មកប្រើប្រាស់សំឡីលាបទឹកល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើស្បែករបស់អ្នកឆាប់ប្រតិកម្ម ចូរកុំអនុវត្តន៍តាមរូបមន្តនេះ។

**ចំណុចដែលអ្នកគួរចងចាំដើម្បីជៀសវាងបញ្ហារោលរលាកបន្ទាប់ពីកោររោម ៖
– ពិនិត្យមើលឡាមកោរ។ ភាពមុតស្រួចរបស់វាជាកត្តាសំខាន់ដើម្បីទទួលបានស្បែករលោងស្អាតគ្មានរោម។
– មិនត្រូវកោរស្ងួតឡើយ។ ងូតទឹកក្ដៅឧណ្ហជាមុនសិន ដើម្បីធ្វើឲ្យស្បែក និងរោមប្រែជាទន់។
– ត្រូវប្រើប្រេង គ្រីមលាបកោររោម ឬជែលកោររោមជានិច្ច។
– កុំកោរបញ្ច្រាាស។ ទិសដៅនៃការកោរ គឺត្រូវដូចទិសដៅនៃរោម។
– លាបផលិតផលផ្ដល់សំណើមដល់ស្បែក បន្ទាប់ពីកោររួចភ្លាម៕
ប្រភព ៖ Brightside