ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកជំនាញអាមេរិកជំរុញឱ្យ FDA ចេញការអនុញ្ញាតិឱ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech នៅសហរដ្ឋអាមេរិក

    BY autoadmin December 11, 2020
    ក្រុមអ្នកជំនាញអាមេរិកជំរុញឱ្យ FDA ចេញការអនុញ្ញាតិឱ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech នៅសហរដ្ឋអាមេរិក

    ក្រុមអ្នកជំនាញអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ បានណែនាំឱ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ចេញការអនុញ្ញាតិឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំង COVID-19 ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech ដែលជាវ៉ាក់សាំងហាក់ដូចជាមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី៣។ ជម្រាបដែរថាការចាក់ថ្នាំបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំនៅអាមេរិក អាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយផ្អែកទៅលើការចុះហត្ថលេខារបស់រដ្ឋបាលចំណីអាហារនិងឪសថ ភ្លាមៗតាមការរំពឹងទុករបស់គណៈកម្មាធិការជំនាញ។

    ការបោះឆ្នោតសំឡេង ១៧-៤ បានធ្វើឡើងបន្ទាប់ពីរយៈពេលដ៏យូរ ដែលសមាជិកនៃគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធ ឬហៅកាត់ថា VRBPAC បានពិភាក្សាពីបញ្ហាជាច្រើន ដែលទាក់ទងនឹងវ៉ាក់សាំង រួមមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាឡែកហ្សីធ្ងន់ធ្ងរ និងមនុស្សអាយុ ១៦ និង ១៧ឆ្នាំ ក៏ដូចជាបញ្ហាទាក់ទងនឹងការចាក់វ៉ាក់សាំង នៅអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន។

    ទោះបីជារដ្ឋបាលចំណីអាហារនិងឪសថមិនចាំបាច់ធ្វើតាមការណែនាំរបស់ក្រុមនេះក៏ដោយ ក៏គេរំពឹងថា FDA នឹងត្រូវធ្វើដូច្នោះដែរ ដោយសារថាឥឡូវនេះចំនួនអ្នកឆ្លងជំងឺ COVID-19 អាមេរិកកាន់តែកើនឡើង ហើយការស្លាប់ក៏បានឈានដល់ ៣០០,០០០ នាក់។ សប្តាហ៍ក្រោយ FDA នឹងពិនិត្យមើលវ៉ាក់សាំងទី២ ពីក្រុមហ៊ុន Moderna និងវិទ្យាស្ថានសុខភាពជាតិ និងវ៉ាក់សាំងទី៣ មកពីក្រុមហ៊ុន Johnson & Johnson ដែលវ៉ាក់សាំងរបស់ក្រុមហ៊ុននេះត្រូវការចាក់តែមួយដងប៉ុណ្ណោះ។ ក្រោយមកទៀតគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford៕

    អត្ថបទ៖ លីដា
    ប្រភព៖ Associated Press

    Share This Post: