ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតឡើង មានប្រសិទ្ធភាពច្រើនជាង ៩០% និងមានតម្លៃជាង ៥ដុល្លារតែប៉ុណ្ណោះ

    BY autoadmin December 11, 2020
    វៀតណាមអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតឡើង មានប្រសិទ្ធភាពច្រើនជាង ៩០% និងមានតម្លៃជាង ៥ដុល្លារតែប៉ុណ្ណោះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលបង្កើតឡើងដោយវៀតណាម (Made-in-Vietnam) ត្រូវបានគេរំពឹងថា នឹងមានតម្លៃ ១២០,០០០ ដុង ឬ ៥.២២ ដុល្លារ ក្នុងមួយម្ជុល ហើយវាមានប្រសិទ្ធិភាពច្រើនជាង ៩០% បើប្រៀបធៀបនឹងវ៉ាក់សាំង ដែលត្រូវបានបង្កើតដោយប្រទេសមួយចំនួន។ ក្រុមហ៊ុនឱសថជីវវិទ្យាសាស្ត្រ Nanogen JSC ដែលជាអ្នកបង្កើតវ៉ាក់សាំងឈ្មោះថា Nanocovax និងសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម ក៏បានចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តមួយចំនួន ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សដំណាក់កាលដំបូង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះផងដែរ។

    ថ្លែងទៅកាន់សារព័ត៌មាន Dantri/DTiNews នាយកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Nanogen លោក Do Minh Si បាននិយាយថា Nanocovax ត្រូវបានផលិតតាមបច្ចេកវិទ្យាសំយោគប្រូតេអ៉ីន និងការធ្វើតេស្តម្តងហើយម្តងទៀតសម្រាប់ជាតិពុល ហើយការធ្វើតេស្តផ្សេងៗលើសត្វកណ្តុរ និងសត្វស្វា បានបង្ហាញយ៉ាងច្បាស់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ លោកបានមានប្រសាសន៍ថា៖«យើងបានធ្វើតេស្តផ្សេងៗលើសត្វកណ្តុរ ទន្សាយ និងស្វា។ ការធ្វើតេស្តទាំងអស់បានបង្ហាញថា Nanocovax មានសុវត្ថិភាព និងប្រសិទ្ធភាពល្អ»។

    យោងតាមក្រុមហ៊ុន ​​Nanogen បាននិយាយថា ការសាកល្បងលើមនុស្សនឹងមាន ៣ ដំណាក់កាល ហើយដំណាក់កាលដំបូងនឹងត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ដែលនឹងទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១៧ ខែធ្នូ។ ដំណាក់កាលសាកល្បងទាំង៣ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ២០២១ ជាមួយនឹងដំណាក់កាលចុងក្រោយ ដែលនឹងមានការចូលរួមពីមនុស្ស ៣០,០០០ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider , DTInews

    Share This Post: