តារាចម្រៀងប៉ុប Cher ស្នើសុំឱ្យមានការដោះលែងសត្វហ្គោរីឡាមួយ ដែលរស់យ៉ាងឯកោនៅឯមជ្ឈមណ្ឌលផ្សារទំនើបរបស់ប្រទេសថៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា តារាចម្រៀងប៉ុបនិងសកម្មជនសត្វ Cherilyn Sarkisian កំពុងបំពេញបេសកកម្មមួយ ដើម្បីជួយសង្គ្រោះ Bua Noi ដែលជាសត្វហ្គោរីឡា (Gorilla) ចុងក្រោយដែលនៅសេសសល់ក្នុងប្រទេសថៃ ដែលវាបានចំណាយពេលជាង ៣ ទសវត្សរ៍ រស់នៅតែក្នុងទ្រុងយ៉ាងកម្សត់ នៅឯមជ្ឈមណ្ឌលផ្សារទំនើបថៃ។ ជម្រាបដែរថាកាលពីពេលថ្មីៗនេះ Cher ក៏បានដឹកនាំយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយជោគជ័យ ដើម្បីដោះលែងសត្វដំរីមួយក្បាលពីសួនសត្វប៉ាគីស្ថាន មកកាន់ដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា។

នៅក្នុងការអំពាវនាវដល់ប្រជាជននៃទីក្រុងបាងកក Cher បានស្នើសុំជំនួយពីអ្នកគាំទ្ររបស់គាត់ ដើម្បីជួយគាត់ឱ្យមានការបញ្ឈប់ការធ្វើទារុណកម្មសត្វដែលគ្មានទោសពៃរ៍ នៅសួនសត្វ Pata នៅលើបណ្តាញសង្គម Twitter ។ យោងតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍បាននិយាយថា សួនសត្វដ៏តូចមួយនៅរាជធានីនៃប្រទេសថៃនោះ ត្រូវបានគេដាក់ឈ្មោះថាជាកន្លែងដែលសោកសៅបំផុតនៅលើពិភពលោក ដោយក្រុមសិទ្ធិសត្វ PETA Asia ។
ក្រុមសិទិ្ធសត្វដែលមានមូលដ្ឋាននៅអាស៊ីមួយនេះជឿជាក់ថា Bua Noi ត្រូវបានគេចាប់យកមកតាំងតែពីតូច ហើយបានរស់នៅតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីដៃគូរបស់វាបានចែកឋានទៅ។ កាលពីសប្តាហ៍មុនតារាចម្រៀង Cher បានសរសេរលិខិតសរសេរដោយដៃ ទៅកាន់រដ្ឋមន្រ្តីបរិស្ថានរបស់ប្រទេសថៃ គឺលោក Varawut Silpa-archa ដោយស្នើសុំឱ្យគាត់ដោះលែងសត្វហ្គោរីឡាមួយនោះ ខណៈដែលទាំងផ្លូវកាវនិងផ្លូវចិត្តរបស់សត្វ ហាក់គ្មានទឹកចិត្តនៅក្នុងខ្លួននោះឡើយ។
នៅពេលដែល Cher កំពុងស្នើឱ្យមានការដោះលែង Bua Noi គាត់ក៏បានលើកឡើងថា សត្វដទៃទៀតនៅក្នុងសួនដែលត្រូវផ្លាស់ប្ដូរជម្រកចេញពីទីនោះ នឹងមិនត្រូវមានការចំណាយលើម្ចាស់សួន ឬរដ្ឋាភិបាលថៃនោះទេ។ តារាចម្រៀង Cher ក៏បានផ្តល់យោបល់ថា សត្វហ្គោរីឡាត្រូវផ្លាស់ប្តូរទៅរកបរិយាកាសមានសន្តិភាព និងធម្មជាតិនៅក្នុងប្រទេសកុងហ្គោ ដែលនឹងផ្តល់ឱ្យវានូវឱកាសដើម្បីទំនាក់ទំនងជាមួយសត្វហ្គោរីឡាដទៃ៕



អត្ថបទ៖ លីដា
ប្រភព៖ Daily Mail