អូស្រ្តាលីបោះបង់ការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនបង្កើតឡើង ដោយសារអ្នកចូលរួមទទួលលទ្ធផលតេស្តវិជ្ជមានក្លែងក្លាយសម្រាប់មេរោគអេដស៍
អូស្រ្តាលីបានបោះបង់ចោលការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនព្យាយាមបង្កើតឡើង បន្ទាប់ពីអ្នកចូលរួមក្នុងការសាកល្បង បានទទួលលទ្ធផលតេស្តវិជ្ជមានក្លែងក្លាយ (false positive) សម្រាប់មេរោគអេដស៍ HIV ។ ឱសថត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យឃ្វីនលែន និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL ជាមួយនឹងការបង្កើតឱ្យមានភាពស៊ាំខ្លាំងចំពោះវីរុស SARS-COV-2 នៅក្នុងការសាកល្បងដំណាក់កាលទី១ ប៉ុន្តែវាក៏នាំឱ្យមានផលវិបាកអកុសលមួយចំនួន ដែលពាក់ព័ន្ធនឹងវីរុសដ៏គ្រោះថ្នាក់មួយផ្សេងទៀត។ ជម្រាបដែរថាវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងសក្ដានុពល ១ ក្នុងចំនោម ៤ ដែលត្រូវបានតែងតាំងដោយទីក្រុង Canberra ។

ថ្វីបើអ្នកចូលរួមមិនបានផ្ទុកមេរោគអេដស៍ពិតប្រាកដក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក Greg Hunt បាននិយាយថា ផលប៉ះពាល់ដែលទាក់ទងនឹងមេរោគអេដស៍គឺត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ ព្រោះថាមេរោគនេះគ្មានថ្នាំព្យាបាលនោះឡើយ។ មេរោគអេដស៍នឹងក្លាយទៅជាជំងឺអេដស៍ពេញលេញ ប្រសិនគ្មានការព្យាបាលត្រឹមត្រូវ។ បើតាមសម្ដីអ្នកស្រាវជ្រាវវ៉ាក់សាំងនេះបាននិយាយថា បញ្ហាដែលពួកគេកំពុងប្រឈមនឹងត្រូវការពេល ១ឆ្នាំ ក្នុងការដោះស្រាយឡើងវិញ ដូច្នេះហើយរដ្ឋាភិបាល និង CSL បានសម្រេចលុបចោលការសាកល្បងទី២ និងទី៣ របស់ខ្លួនតែម្ដង។
នាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា ថ្នាំនេះនឹងត្រូវគេទុកចោលដោយគ្មានកំណត់ ហើយនឹងលែងជា «ផ្នែកមួយនៃផែនការវ៉ាក់សាំង» របស់អូស្រ្តាលីទៀតហើយ។ ផ្ទុយទៅវិញសាកលវិទ្យាល័យឃ្វីនលែន និង CSL នឹងត្រូវផលិតវ៉ាក់សាំងចំនួន ២០ លានដូសបន្ថែមទៀត ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ពីលើវ៉ាក់សាំង ៣០លានដូស ដែលមានស្រាប់។ វាជាផែនការរបស់រដ្ឋាភិបាលលើវ៉ាក់សាំងចំនួន ៥១ លានដូស ដែលជាផ្នែកមួយនៃការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២១៕



អត្ថបទ៖ លីដា
ប្រភព៖ RT