ក-របស់អ្នកនឹងប្រែជាមើលទៅក្មេងជាងវ័យ ដោយគ្រាន់តែអនុវត្តន៍តាមវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំង៦នេះ
ជាធម្មតា ក គឺជាផ្នែកដំបូងបំផុតនៃរាងកាយដែលបង្ហាញឲ្យឃើញពីសញ្ញានៃភាពចាស់តាមវ័យ។ វាជាការពិតមួយដែលមនុស្សភាគច្រើនបានដឹង។ នេះ គឺដោយសារតែស្បែកនៅត្រង់នេះ គឹស្ដើងជាងផ្នែកផ្សេងៗនៃរាងកាយ ហើយលើសពីនេះទៅទៀតវាមានក្រពេញខ្លាញ់ដែលជាហេតុធ្វើឲ្យវាឆាប់បាត់បង់ភាពយឺតឆាប់រហ័ស។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់ភាពចាស់តាមវ័យ ហើយធ្វើឲ្យករបស់អ្នកមានភាពក្មេងជាងវ័យបានកាន់តែយូរ ៖
៦. កុំប្រើប្រាស់ទឹកអប់ច្រើនពេក ៖ ទឹកអប់មានផ្ទុកជាតិអាល់កុល និងជាតិក្រអូបផ្សេងៗដែលធ្វើឲ្យស្បែកប្រែជាស្ងួត និងបាត់បង់ភាពយឺត។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាន់បន្ថយការបាញ់ទឹកអប់ច្រើននៅលើក ហើយព្យាយាមលាបវាលើ-កដៃជំនួសវិញ។

៥. កុំពាក់គ្រឿងអលង្ការធ្ងន់ៗ ៖ ខ្សែកធ្ងន់ៗ និងមានបន្ដោងផ្សេងៗអាចធ្វើស្បែកទន់នៃកយារ ឬយឺត។ ដូច្នេះអ្នកគួរតែពាក់វានៅពេលដែលត្រូវចូលរួមពិធីពិសេសណាមួយបានហើយ។ ដោយសារហេតុផលដូចគ្នានេះដែរ វាជាការប្រសើរក្នុងការជៀសវាងជ្រើសរើសពាក់នូវអាវប្រភេទណាដែលមានករឹតតឹង។

៤. ប្រុងប្រយ័ត្នចំពោះឥរិយាបទរបស់អ្នក ៖ ឥរិយាបទមិនសមស្រប គឺជាហេតុផលចម្បងដែលបណ្ដាលឲ្យឈឺក្បាល និងឈឺចាប់នៅត្រង់ក។ មូលហេតុបន្ទាប់ទៀតនោះ គឺដោយសារតែការអោនចុះយូរៗជាញឹកញាប់ ជាពិសេសខណៈពេលអ្នកលេងទូរស័ព្ទ ស្នាមជ្រួញអាចលេចឡើង ហើយមិនងាយនឹងបាត់ទៅវិញឡើយ។ ដូច្នេះអ្នកមិនគួរអោនចុះទាបពេកហើយយូរ ឬញឹកញាប់ នៅពេលអាន ឬមើលអ្វីមួយឡើយ។

៣. ផ្ដល់សំណើមដល់ស្បែកជាប្រចាំ ៖ អ្នកមិនចាំបាច់ត្រូវប្រើប្រាស់ឡេពិសេសណាមួយឡើយ ដោយគ្រីមលាបមុខធម្មតា គឺល្អប្រសើរណាស់ទៅហើយចំពោះស្បែកនៅត្រង់ក។ របៀបនៃការលាបឡេផ្ដល់សំណើម គឺត្រូវតែថ្នមៗពីក្រោមឡើងលើ។ អ្នកក៏អាចប្រើប្រាស់ផលិតផល ឬអនុវត្តន៍គន្លឹះថែរក្សាសម្រស់ស្បែកមុនចំពោះស្បែកនៅត្រង់កបានដោយគ្មានបញ្ហា។ ឧទាហរណ៍ ស្បែកនៅត្រង់កត្រូវការការដុសខាត់ថ្នមៗ ដូចស្បែកមុខដែរ។ អ្នកអាចធ្វើការលាយយ៉ាអ៊ួរជាមួយនឹងស្រូវសាឡី ដើម្បីបង្កើតជាផលិតផលសម្រាប់ដុសខាត់ស្បែកត្រង់ក។ រូបមន្តនេះជួយកម្ចាត់កោសិកាស្បែកដែលងាប់ៗ ដោយមិនផ្ដល់ការឈឺចាប់លើស្បែកដ៏ទន់នៃក។

២. ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C និងអាស៊ីតខ្លាញ់ល្អៗឲ្យបានច្រើន ៖ វីតាមីន C ជួយបង្កើនការផលិតកូឡាជែនដែលធ្វើឲ្យស្បែកមានភាពយឺតល្អ។ នេះហើយជាមូលហេតុដែលអ្នកគួរតែរួមបញ្ចូល ផ្លែក្រូច ប៉េងបោះ និងបឺរី ក្នុងរបបអាហាប្រចាំថ្ងៃ។ វាក៏ល្អផងដែរក្នុងការទទួលទានអាហារសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា 3 និងអូមេហ្គា 6 ដូចជា ប្រេងអូលីវ ត្រីមានខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែបឺរ។ អាស៊ីតខ្លាញ់ល្អជួយថែរក្សាស្បែកពីខាងក្នុងនិងល្អចំពោះសុខភាព។

១. ព្យាយាមអនុវត្តន៍លំហាត់ប្រាណមួយចំនួននេះ ៖
– ធ្វើចលនាថ្គាមក្រោមទៅក្រោយទៅមុខ។

– លយបបូរមាត់ឲ្យទៅជាទម្រង់អក្សរ O សម្រាប់រយៈពេល ៥ វិនាទី។ អនុវត្តន៍លំហាត់ប្រាណនេះសារឡើងវិញឲ្យបានច្រើនដង។ បន្ទាប់មកធ្វើដូចគ្នា ប៉ុន្តែបែបបញ្ចេញនិយាយបញ្ចេញសម្លេងអក្សរអ៊ី (E)។

– អង្គុយ ឬឈរឲ្យត្រង់ ហើយប្រើដៃខាងស្ដាំសង្កត់ថ្ងាសឲ្យជាប់សម្រាប់រយៈពេល ១០ វិនាទី ដោយមិនផ្អៀងក្បាល។

– អង្គុយ ឬឈរឲ្យត្រង់ ដាក់ដៃទាំងសងខាងទៅក្រោយក្បាល ហើយទប់ ឬសង្កត់ផ្នែកខាងក្រោយនៃក្បាលឲ្យជាប់សម្រាប់រយៈបេល ១០ វិនាទី ដោយមិនផ្អៀង ឬងើយក្បាលទៅក្រោយ។

– អង្គុយ ឬឈរឲ្យត្រង់ បន្ទាប់មកងើយក្បាលទៅក្រោយ ហើយចំហរមាត់។ ព្យាយាមប្រើបបូរមាត់ក្រោមប៉ះទៅនឹងបបូរមាត់លើ ដោយមិនឲ្យធ្មេញត្រួតគ្នា។អនុត្តន៍សារឡើងវិញឲ្យបានច្រើនដង។

ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស និងប្រសើរ ចូរព្យាយាមអនុវត្តន៍ឲ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ។ ហើយលំហាត់ប្រាណធម្មតាផ្សេងទៀតក៏អាចជួយធ្វើឲ្យករបស់អ្នកស្រស់ស្អាតផងដែរ ដោយសារការធ្វើលំហាត់ប្រាណរាងកាយជាប្រចាំជួួយសម្រួលដល់លំហូរឈាមឲ្យមានភាពប្រសើរឡើង និងដឹកនាំអុកស៊ីសែនចូលស្បែកបានគ្រប់គ្រាន់ធ្វើឲ្យស្បែកកាន់តែមានភាពយឺត៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside