ក្រចកឆាប់បាក់ ឬប្រេះអាចជារោគសញ្ញានៃបញ្ហាសុខភាពមួយចំនួនទាំងនេះ ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ក្រចកអាចបង្ហាញឲ្យដឹងពីសុខភាព។ ជួនកាលបញ្ហាជាមួយនឹងក្រចកអាចបង្ហាញពីស្ថានភាពសុខភាពធ្ងន់ធ្ងរណាមួយ។ ការផ្លាស់ប្តូរពណ៌ និងសភាពរូបរាងនៃក្រចកអាចជារោគសញ្ញានៃជំងឺបេះដូង សួត ឬប្រព័ន្ធប្រសាទ។ ការស្វែងយល់ពីបញ្ហាបានទាន់ពេល គឺសំខាន់។ ដូច្នេះអ្នកមិនគួរមើលរំលងភាពមិនប្រក្រតីណាមួយដែលកើតមានលើក្រចកឡើយ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងលេចឡើងលើក្រចក ប្រសិនបើរាងកាយកំពុងជួបប្រទះនូវបញ្ហាសុខភាព ៖
១. ការឆ្លងមេរោគផ្សិត ៖ ក្រចកដែលមានសភាពក្រាស់ ប៉ុន្តែឆាប់បាក់ ឬប្រេះ និងមានពណ៌ខុសប្រក្រតី ឬពណ៌លឿង គឺអាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត។ ភាគច្រើនបញ្ហានេះកើតឡើងចំពោះក្រចកម្រាមជើងជាងក្រចកម្រាមដៃ។ ដើម្បីបង្ការការឆ្លងមេរោគផ្សិត ចូរកុំដើរដោយជើងទទេរញឹកញាប់ពេក ហើយស្បែកជើងត្រូវតែស្ងួតស្អាតជានិច្ច។ ប្រសិនបើអ្នកបានឆ្លងមេរោគនេះ សូមប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសខាងសើស្បែក និងធ្វើតាមការណែនាំរបស់ពួកគេ។

២. ជំងឺក្រពេញទីរ៉ូអ៊ីត ៖ ក្រចកស្ងួតឆាប់បាក់ ហើយប្រេះ អាចជារោគសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតទទួលខុសត្រូវលើការផលិតអ័រម៉ូនសំខាន់ៗមួយចំនួន ហើយការអនុវត្តន៍មុខងារមិនត្រឹមត្រូវ ឬខុសប្រក្រតីរបស់វាអាចជះឥទ្ធិពលប៉ះពាល់លើទម្ងន់ កម្ពស់ ក៏ដូចជាសីតុណ្ហភាពនៃរាងកាយ។ ស្ថានភាពនេះ គឺគ្រោះថ្នាក់ណាស់ ដូច្នេះត្រូវប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

៣. ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ក្រចកដែលផុយស្រួយឆាប់បាក់រួមផ្សំជាមួយនឹងបញ្ហាប្រអប់ដៃជើងត្រជាក់ គឺអាចជារោគសញ្ញាមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ ជាទូទៅជំងឺនេះក៏មានអមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជា វិលមុន ខ្សោយកម្លាំង ឈឺក្បាល ចង្វាក់បេះដូងលោតមិនទៀត និងឈឺទ្រូង។ ការខ្វះគ្រាប់ឈាមក្រហមអាចបណ្ដាលមកពីការមករដូវច្រើនខ្លាំង ការមានផ្ទៃពោះ របបអាហារដែលមានផ្ទុយជាតិដែក និងវីតាមីន B12 ទាប ឬបញ្ហាជំងឺតម្រងនោមរ៉ាំរ៉ៃ។ វិធីសាស្ត្រដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់ គឺការទទួលទានអាហារដែលសម្បូរទៅដោយជាតិដែកដូចជា ត្រី សណ្ដែក ថ្លើមសត្វ និងសាច់ក្រហមគ្មានខ្លាញ់ ហើយព្យាយាមកាត់បន្ថយការទទួលទានកាហ្វេ។ កុំភ្លេចជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងបានថាតើអ្នកគួរតែលេបថ្នាំគ្រាប់ជាតិដែក ឬវីតាមីន B12 បន្ថែមឬក៏អត់។

៤. ជំងឺ Obsessive-compulsive ឬស្ត្រេស ៖ ជំងឺ Obsessive-compulsive គឺជាជំងឺផ្លូវចិត្តម៉្យាងដែលអ្នកជំងឺចេះតែចង់ត្រួតពិនិត្យមើលអ្វីៗដដែលៗ ធ្វើអ្វីដដែលៗ ឬ មានគំនិតគិតអ្វីដដែលៗម្តងហើយម្តងទៀត។ តើអ្នកធ្លាប់ខាំក្រចកនៅពេលមានអារម្មណ៍អន្ទះសារ ឬភ័យដែរទេ? មិនថាវាជាជំងឺ Obsessive-compulsive ឬការតានតឹងក្នុងអារម្មណ៍មួយខណៈពេលក៏ដោយ ក្រចករបស់អ្នកមិនចូលចិត្តវាឡើយ ហើយអាចប្រែជាខូចទ្រង់ទ្រាយ និងឆាប់បាក់ ឬប្រេះ។ ដៃកង្វក់ថែមទាំងជាប្រភពនៃមេរោគបាក់តេរីទៀតផង។ ជំងឺផ្លូវចិត្តត្រូវការការពិគ្រោះយោបល់ និងធ្វើរោគវិនិច្ឆ័យពីសំណាក់គ្រូពេទ្យជំនាញ។ ទោះជាយ៉ាងណាដើម្បីកែប្រែទម្លាប់នៃការខាំក្រចក ចូរព្យាយាមអនុវត្តន៍ទម្លាប់ផ្សេងដូចជា ទំពារស្ករកៅស៊ូដែលមានជាតិស្ករតិច ឬធ្វើលំហាត់ប្រាណណាមួយនៅពេលដែលអ្នកស្ត្រេស។

៥. ជំងឺស្បែក Psoriasis ៖ ជាញឹកញយក្រចកប្រែពណ៌ក្រហមលាយលឿង ហើយប្រេះ ឬឆាប់បាក់ គឺជារោគសញ្ញានៃជំងឺស្បែក Psoriasis។ ទោះជាយ៉ាងណា ជំងឺនេះតែងអមមកជាមួយនូវអាការៈមួយទៀត គឺការរលាកដុំៗរមាស់ឡើងក្រហមលើស្បែក។ ប្រសិនបើសម្គាល់ឃើញរោគសញ្ញាបែបនេះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រពេទ្យឯកទេសខាងរោគសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។

៦. ជំងឺរលាកសន្លាក់ ៖ ក្រចកដែលកំពកៗ ហើយងាយនឹងបាក់អាចជារោគសញ្ញាមួយនៃជំងឺរលាកសន្លាក់។ ជំងឺបណ្ដាលឲ្យមានការឈឺចាប់ខ្លាំង និងហើមសន្លាក់។ ស្ថានភាពនៃជំងឺប៉ះពាល់ទៅលើស្ត្រីច្រើនជាងបុរស។ ការព្យាបាលជំងឺរលាកសន្លាក់រួមមានការប្រើថ្នាំ និងលំហាត់ប្រាណដែលជួយឲ្យសន្លាក់រឹងមាំ។ ពិគ្រោះយោបល់ និងជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលប្រើប្រាស់ថ្នាំ និងលំហាត់ប្រាណត្រឹមត្រូវ។

*** គន្លឹះទូទៅដើម្បីរក្សាបាននូវក្រចកដែលរឹងមាំ ៖

– រក្សាសំណើមនៃក្រចកដោយប្រើប្រាស់ផលិតផលដែលមានផ្ទុកវីតាមីន E។
– ពាក់ស្រោមដៃនៅពេលលាងចាន។
– ជៀសការប្រើប្រាស់ទឹកថ្នាំលាងក្រចកដែលមានផ្ទុកសារធាតុ acetone ឬ formaldehyde ក៏ព្រោះសារធាតុទាំងនេះធ្វើឲ្យក្រចកស្ងួត។
– ប្រើប្រាស់ប្រេងលាបដៃដែលផ្សំឡើងពី urea, phospholipids និងអាស៊ីតឡាក់តិក៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside