កូរ៉េខាងត្បូងបញ្ជាឲ្យផ្អាកជួញដូរ និងដឹកជញ្ជូនសត្វមាន់បណ្តោះអាសន្ន ក្រោយជំងឺផ្តាសាយបក្សីកំពុងតែរាតត្បាត
កូរ៉េខាងត្បូង៖ នៅព្រឹកថៃ្ងសៅរ៍ ទី ១២ ខែធ្នូកន្លងទៅ ក្រសួងកសិកម្មនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យគ្រប់កសិដ្ឋានចិញ្ចឹមបសុបក្សីទាំងអស់ទៅទូទាំងប្រទេសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិនដើម្បីចូលរួមទប់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី។ ការផ្អាកដំណើរការនេះគឺសំដៅលើសកម្មភាពជួញដូរសត្វបក្សីគ្រប់ប្រភេទជាពិសេសគឺសត្វមាន់ ហើយសូម្បីតែសកម្មភាពនៃដឹកជញ្ជូនសត្វបក្សីក៏ត្រូវតែផ្អាកដែរ បើមិនដូចនោះទេជំងឺផ្តាសាយបក្សីអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរដល់សង្គមទាំងមូលមិនខាន។

បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា បទបញ្ជានេះនឹងមានសុពលភាពរយៈពេល ២ ថ្ងៃដោយផ្តើមអនុវត្តពីយប់ម៉ោង ១២ ថ្ងៃ ១២ ឆ្នូនេះតទៅ (ត្រូវនឹងម៉ោង ១០ យប់ម៉ោងនៅកម្ពុជា) ហើយបើក្នុងរយៈពេល ២ ថ្ងៃនេះខាងអាជ្ញាធរនៅមិនទាន់អាចរកឃើញដំណោះស្រាយល្អប្រសើរណាមួយសម្រាប់ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាសសាយបក្សីនោះទេ ក្រសួងអាចនឹងពិចារណាបន្តអនុវត្តបទបញ្ជានេះជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ជូនថា ចំណាត់ការខាងលើនេះត្រូវបានដាក់ចេញក្រោយក្រសួងកសិកម្មកូរ៉េខាងត្បូងបានរកឃើញថា ការចម្លងជំងឺផ្តាសាយបក្សីបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ១០ ករណី គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ ហើយការចម្លងនេះលក្ខណៈចាប់រហ័សនិងមិនបានបង្ហាញពីប្រភពនៃការចម្លងច្បាស់លាស់នោះទេ។ សូមបញ្ជាក់ជូនផងដែរថា តំបន់ដែលកំពុងមានការរាតត្បាតជំងឺផ្តាសាយបក្សីនេះគឺក្រុង Cheonan-si នៃខេត្ត Chungcheongnam-do ដែលមានចម្ងាយត្រឹមតែ ៤៨ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងសេអ៊ូល ហើយបើមានការធ្វេសប្រហែលតែបន្តិចជំងឺមួយនេះអាចឆ្លងចូលរដ្ឋធានីសេអ៊ូលដែលជាបេះដូងសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូងបានយ៉ាងងាយ៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia