កំហុសក្នុងពេលគេងទាំង ៧ ដែលបណ្ដាលឲ្យអ្នកកើនទម្ងន់ដោយមិនដឹងខ្លួននៅពេលយប់
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសទូទៅទាំង ៧ ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់នៅកំឡុងពេលយប់។ ដូច្នេះប្រសិនបើចង់ស្គមអ្នកគួរតែបញ្ឈប់សកម្មភាពទាំងនេះភ្លាម ៖
១. ទទួលទានអាហារសម្រន់ពេលយប់ជ្រៅ ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានអាហារផ្សេងៗនៅពេលយប់អាចបណ្ដាលឲ្យកើនទម្ងន់។លើសពីនេះទៅទៀតវាអាចបង្កើនកម្រិតកូឡេស្តេរ៉ូល កម្រិតអាំងស៊ុយលីន និងផលប៉ះពាល់អវិជ្ជមានលើអ័រម៉ូន។ សូមចងចាំថាប្រសិនបើកាឡូរីដែលអ្នកទទួលទានចូលមានបរិមាណច្រើនជាង ឬធំជាងអ្វីដែលអ្នកកំពុងដុតបំលែងនោះវានឹងនាំឲ្យកើនទម្ងន់។

២. ការទទួលទានកាហ្វេនៅពេលយប់ជ្រៅ ៖ ការទទួលទានកាហ្វេនៅពេលយប់ជ្រៅមិនត្រូវតែប៉ះពាល់ដល់ការគេងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែជាតិកាហ្វេអ៊ីនដែលអ្នកទទួលទានក្រោយពេលបង្អស់ គឺគួរតែ ៦ ម៉ោង មុនពេលចូលគេង។ ជាតិអាស៊ីត chlorogenic ដែលមាននៅក្នុងកាហ្វេក៏ធ្វើឲ្យកើនទម្ងន់ផងដែរ។ជៀសវាងការទទួលទានកាហ្វេនៅពេលយប់ ដោយព្យាយាមទទួលទានតែរុក្ខជាតិ ឬទឹកក្ដៅឧណ្ហៗជំនួសវិញ។

៣. ការគេងមិនគ្រប់គ្រាន់ ៖ ដើម្បីទទួលបានសុខភាពល្អជៀសឆ្ងាយពីបញ្ហាសុខភាពផ្សេងៗ អ្នកគួរគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងរៀងរាល់យប់។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងការគេងមិនគ្រប់គ្រាន់ជាមួយនឹងការប្រែប្រួលអវិជ្ជមាននៃការដុតរំលាយអាហារក្នុងរាងកាយដែលប៉ះពាល់ដល់ទម្ងន់។ លើសពីនេះទៅទៀត ការគេងមិនគ្រប់គ្រាន់នធ្វើឲ្យអ្នកអស់កម្លាំង ដូច្នេះការធ្វើសកម្មភាពរាងកាយផ្សេងៗ ឬលំហាត់ប្រាណនឹងថយចុះ។

៤. កង្វះនៃលំហាត់ប្រាណ ៖ ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយដើរតួនាតីយ៉ាងសំខាន់ក្នុងការស្រកទម្ងន់ ដោយបង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយ ក៏ដូចជាការដុតបំលែងកាឡូរីផងដែរ។ ការធ្វើលំហាត់ប្រាណមធ្យមជារៀងរាល់ថ្ងៃដូចជាការដើរប្រហែលជា ១៥ នាទីរាល់ថ្ងៃ នឹងជួយអ្នកដុតបំផ្លាញកាឡូរីក្នុងរាងកាយដល់ទៅ ១០០ កាឡូរីបន្ថែម។ វាអាចកើនឡើងដល់ទៅប្រមាណជា ៧០០ កាឡូរីក្នុងមួយសប្តាហ៍ និងជិត ៥គីឡូក្រាមក្នុងរយៈពេល ១ឆ្នាំ។

៥. ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅពេលល្ងាច ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានអះអាងបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដែលបញ្ចេញពន្លឺពណ៌ខៀវមុនពេលគេងត្រូវផ្សារភ្ជាប់ទៅនឹងបញ្ហានៃការគេងមិនគ្រប់ ក៏ដូចជាការឡើងទម្ងន់។ ឧបករណ៍ទាំងនេះជ្រៀតជ្រែកការផលិតមេឡាតូនីនដែលជាអ័រម៉ូនដែលទទួលខុសត្រូវក្នុងការកំណត់វដ្តនៃការគេង។ ដូច្នេះប្រសិនបើមិនចង់ឡើងទម្ងន់ និងមានបញ្ហាសុខភាពទេនោះ ចូរអានសៀវភៅ ឬស្ដាប់ចំរៀងនៅមុនពេលគេងជំនួសការលេងទូរស័ព្ទ។

៦. កំណត់ម៉ោងរោទិ៍យឺតពេក ៖ ជឿឬអត់ដែលអ្នកស្រាវជ្រាវជាច្រើននិយាយថា អ្នកដែលត្រូវពន្លឺនៅពេលព្រឹកព្រលឹមមានសន្ទស្សន៍ម៉ាសរាងកាយទាបជាងអ្នកដែលយូរត្រូវពន្លឺព្រះអាទិត្យ។ វាត្រូវបានគេបង្ហាញថា សូម្បីតែការត្រូវពន្លឺខាងក្រៅត្រឹមតែពី ២០ ទៅ ៣០ នាទីមានឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។ ដូច្នេះសូមក្រោកពីដំណេកព្រលឹម និងរត់ហាត់ប្រាណនៅខាងក្រៅ!

៧. ហ៊ុមព័ទ្ធខ្លួនឯងជាមួយនឹងពណ៌ខុស ៖ ពណ៌ខៀវជួយជម្រុញលើកកម្ពស់ការសម្រាក ដូច្នេះពណ៌នេះអាចជួយឲ្យអ្នកគេងលក់បានស្រួល។ វាក៏ជាពណ៌ដែលរារាំងចំណង់អាហារផងដែរ។ ចំណែកឯពណ៌ផ្សេងទៀតដូចជា ក្រហម ឬទឹកក្រូចវិញ គឺមានឥទ្ធិពលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានថាមពល ហើយឃ្លាន។ ដូច្នេះប្រសិនបើចង់ស្រកទម្ងន់ អ្នកគួរពិចារណាឡើងវិញចំពោះពណ៌ក្នុងបន្ទប់គេងរបស់អ្នក៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside