ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងបានដាស់តឿនពលរដ្ឋឱ្យយកចិត្តទុកដាក់ជាមួយការរឹតត្បឹតនាពេលបច្ចុប្បន្ន ព្រោះថាប្រទេសនេះមានលទ្ធភាពនឹងចូលដល់ការបិទទ្វារប្រទេសទាំងស្រុង

    BY autoadmin December 16, 2020
    កូរ៉េខាងត្បូងបានដាស់តឿនពលរដ្ឋឱ្យយកចិត្តទុកដាក់ជាមួយការរឹតត្បឹតនាពេលបច្ចុប្បន្ន ព្រោះថាប្រទេសនេះមានលទ្ធភាពនឹងចូលដល់ការបិទទ្វារប្រទេសទាំងស្រុង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានព្រមានប្រជាជន ឱ្យយកចិត្តទុកដាក់លើការរឹតត្បឹតនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសនេះប្រឈមនឹងលទ្ធភាពនៃការបិទទ្វារជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានការចាប់ផ្តើមនៃជំងឺរាតត្បាត ចំពេលមានការកើនឡើងករណីយ៉ាងគួរឱ្យព្រួយបារម្ភនាពេលថ្មីៗនេះ។ ប្រទេសនេះធ្លាប់ត្រូវបានគេទុកជាប្រទេសគំរូមួយ ហើយសូម្បីតែ WHO ក៏បានកោតសរសើរចំពោះការទប់ស្កាត់ជំងឺ COVID-19 យ៉ាងជោគជ័យកាលពីដើមឆ្នាំផងដែរ។

    ទោះបីស្ថិតក្នុងចំណោមប្រទេសដំបូងដែលរងគ្រោះដោយសារវីរុសនេះក៏ដោយ ក៏កូរ៉េខាងត្បូងបានចៀសវាងការបិទទ្វារប្រទេសបានយ៉ាងល្អ ដែលការបិទទ្វារនេះជារឿយៗមាននៅកន្លែងផ្សេងទូទាំងពិភពលោក ដោយសារការរួមបញ្ចូលគ្នានៃការតេស្ដសាកល្បង និងបច្ចេកទេសតាមដាន។ ប៉ុន្តែនៅពេលដែលចូលដល់រដូវរងារ ការលេចចេញនូវរលកទី៣ បានបណ្តាលឱ្យមានការកើនឡើងនូវការឆ្លងថ្មីៗដែលមិនអាចចៀសផុតបាន។

    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក Yoon Tae-ho បានជម្រុញឱ្យប្រជាជនចូលរួមយ៉ាងពេញលេញ ជាមួយវិធានការណ៍រក្សាគម្លាតនៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលមានពលរដ្ឋប្រហែលពាក់កណ្តាលនៃចំនួនពលរដ្ឋសរុប ៥១ លាននាក់ របស់ប្រទេសនេះ។ ការរឹតត្បិតទាំងនោះបច្ចុប្បន្នស្ថិតនៅកម្រិត ២.៥ លើមាត្រដ្ឋានរបស់ប្រទេស ដោយកម្រិតទី ៣ គឺជាការចាក់សោរពេញលេញ។ ឥឡូវនេះលោកកំពុងពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញរដ្ឋាភិបាល ថាតើគួរដាក់ប្រទេសក្នុងកម្រិតទី៣ ឬយ៉ាងណា។

    ប្រសិនបើអាចនឹងអនុវត្តបែបនេះ អាជីវកម្មតូចៗ និងអ្នករកស៊ីធម្មតា នឹងត្រូវទទួលរងហានិភ័យជាងគេ។ កាលពីថ្ងៃអង្គារនេះកូរ៉េខាងត្បូងបានរាយការណ៍ពីករណីថ្មីចំនួន ១ ០៧៨ ករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាត ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៤៥ ៤៤២ ករណី ។ អ្នកជំងឺចំនួន ២២៦ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមានអ្នកស្លាប់ចំនួន ១២នាក់ បន្ថែមទៀតកាលពីថ្ងៃអង្គារ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់សរុបដល់ ៦១២ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: