រដ្ឋបាលចំណីអាហារនិងឪសថបានបញ្ជាក់ថា វ៉ាក់សាំងរបស់ Moderna គឺមានសុវត្ថិភាព និងប្រសិទ្ធភាព
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានចេញនូវការវិភាគលម្អិត អំពីលទ្ធផលការធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្នាំរបស់អាមេរិក Moderna ។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានកត់សម្គាល់ថា វ៉ាក់សាំងនេះមិនមានអ្វីគួរឱ្យព្រួយបារម្ភអំពីសុវត្ថិភាព ដែលអាចរារាំងវ៉ាក់សាំងមិនឱ្យមានការប្រើប្រាស់ជាបន្ទាន់នោះទេ។

ឯកសារសង្ខេបរបស់រដ្ឋបាលចំណីអាហារនិងឪសថ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដោយផ្អែកលើការសាកល្បងគ្លីនិកដែលពាក់ព័ន្ធនឹងមនុស្សប្រហែល ៣០ ០០០ នាក់ ដោយបានឆ្លើយតបនឹងក្រុមហ៊ុន Moderna ដែលបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។
ឯកសារបានវាយតម្លៃថា វ៉ាក់សាំងមានប្រសិទ្ធិភាព ៩៤.១%ជាទូទៅ យ៉ាងហោចណាស់ ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២ ។ វាបានរកឃើញថា ប្រសិទ្ធភាពខុសគ្នាទៅតាមក្រុមអាយុ ដោយវាមានប្រសិទ្ធភាព ៩៥.៦% សម្រាប់អ្នកចូលរួមដែលមានអាយុពី ១៨ ដល់ ៦៤ ឆ្នាំ ខណៈមានប្រសិទ្ធភាព ៨៦.៤ % សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ។
ឯកសារបាននិយាយថា ៩១.៦% នៃអ្នកចូលរួមបានរាយការណ៍ពីការឈឺចាប់ត្រង់កន្លែងមុខម្ជុល, អស់កម្លាំង ៦៨.៥% និងឈឺក្បាល ៦៣ % ។ ៥៩.៦% រាយការណ៍ថាឈឺសាច់ដុំ, ៤៤.៨% ឈឺសន្លាក់ និងញាក់ ៤៣.៤%។ FDA បានរកឃើញថា ប្រតិកម្មមិនល្អភាគច្រើនទាក់ទងនឹងវ៉ាក់សាំងគឺកម្រិតស្រាល ឬមធ្យម។
ក្រុមប្រឹក្សាប្រឹក្សានឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីវ៉ាក់សាំងនេះ ខណៈរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ថាតើត្រូវអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបន្ទាន់ឬទេ ដោយផ្អែកលើទស្សនៈរបស់ក្រុមជំនាញ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK