សមាជិកសភាម៉ាឡេស៊ីម្នាក់ស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃបារី ដោយសារតែហេតុផល១នេះ
ម៉ាឡេស៊ី៖ សមាជិកសភាម៉ាឡេស៊ីម្នាក់គឺលោក Ahmad Maslan បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបញ្ចុះតម្លៃបារីឲ្យសល់ត្រឹម ៨ រីងហ្គីត (១,៩៨ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ដើម្បីប្រឆាំងនឹងសកម្មភាពលក់បារីខុសច្បាប់។ ការស្នើសុំនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសមាជិកសភាផ្លូវការមួយដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ។ អ្នកតំណាងរាស្រ្តមកពីស្រុក Pontian រូបនេះបញ្ចាក់ថា បច្ចុប្បន្ននេះមានបារីស្របច្បាប់ដែលបានបង់ពន្ធត្រឹមត្រូវតែ ៣៦% ប៉ុណ្ណោះត្រូវបានដាក់លក់នៅក្នុងទីផ្សារ ហើយ ៦៤% ផ្សេងទៀតគឺជាបារីខុសច្បាប់ដែលមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋ។ បារីស្របច្បាប់មានតម្លៃចាប់ពី ១២ ទៅ១៧,៤០ រីងហ្គីត (២,៩៧-៤,៣០ ដុល្លារអាមេរិក) ខណៈបារីគេចពន្ធមានតម្លៃត្រឹមចន្លោះពី ២ ទៅ៨ រីងហ្គីត (០,៥០-១,៩៨ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

លោក Ahmad Maslan
កត្តានេះបានធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីត្រូវខាតបង់ពន្ធពីការលក់បារីប្រមាណជា ៥ ពាន់លានរីងហ្គីត (ជាង ១,២ ពាន់លានដុល្លាអាមេរិក) នៅក្នុងមួយឆ្នាំ។ អ្នកតំណាងរាស្រ្តរូបនេះបានបន្តថា បារីជាទំនិញដែលងាយស្រួលគេចពីការបង់ពន្ធពេលដឹកតាមកប៉ាល់មកម៉ាឡេស៊ី ហើយជាក់ស្តែងនៅពេលនេះបារីគេចពន្ធមានយ៉ាងច្រើននៅក្នុងទីផ្សារស្រាប់ទៅហើយ ដូចនេះជម្រើសដែលល្អបំផុតក្នុងពេលនេះគឺរដ្ឋាភិបាលត្រូវបញ្ចុះតម្លៃបារីស្របច្បាប់ជាមុនសិនដើម្បីលក់បារីទាំងនោះឲ្យអស់និងទទួលបានពន្ធខ្លះមុនពេលបារីទាំងនោះផុតកាលកំណត់ប្រើប្រាស់។ ជំហានបន្ទាប់គឺរដ្ឋាភិបាលត្រូវលុបបំបាត់ទីផ្សារជួញដូរបារីខុសច្បាប់ឲ្យអស់ ព្រោះទីផ្សារងងឹតមួយនេះបានធ្វើឲ្យរដ្ឋត្រូវបាត់ចំណូលច្រើនខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz