វាសនាមើលមិនឃើញ អ្នកនេសាទក្រីក្រម្នាក់ក្លាយជាមហាសេដ្ឋីមួយប៉ប្រិចភ្នែក ក្រោយរើសបានកម្អួតត្រីបាឡែនមួយដុំធំមានតម្លៃមហាសាល
ថៃ៖ ពេលខ្លះសំណាងបានកើតមានចំពោះអ្នកណាម្នាក់ទាំងដែរមនុស្សម្នាក់នោះមិនដែលធ្លាប់រំពឹងទុកទាល់តែសោះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជាអ្នកនេសាទក្រីក្រជនជាតិថៃម្នាក់រើសបានកម្អួតត្រីបាឡែនមួយដុំធំក្នុងពេលគាត់កំពុងនេសាទត្រីក្នុងសមុទ្រ ហើយតាមការវាយតម្លៃបឋមកម្អួតត្រីបាឡែននោះអាចមានតម្លៃរហូតដល់ជាង ៣,២ លានដុល្លារអាមេរិកឯណោះ។ បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Naris Suwannasang អាយុ ៦០ បានប្រកបរបរជាអ្នកនេសាទសមុទ្រនេះស្ទើរតែពេញមួយជីវិតគាត់ទៅហើយ តែជីវភាពរបស់គាត់នៅតែក្រីក្រលំបាក។

យ៉ាងណាក្តី ចាប់ពីពេលនេះតទៅជីវិតរបស់គាត់ត្រូវផ្លាស់ប្តូរ ១៨០ ដឺក្រេហើយ ព្រោះថាកម្អួតត្រីបាឡែនដែលគាត់រើសបាននោះមានទម្ងន់រហូតដល់ទៅ ៩៩,៧៩ គីឡូក្រាម ហើយតាមការប៉ាន់ស្មានគេអាចទិញកម្អួតត្រីបាឡែនប្រភេទនេះក្នុងតម្លៃ ៩៦០ ០០០ បាត (៣២ ២០៤ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយបើគិតជាលុយសរុបគឺគាត់អាចទទួលបានរហូតដល់ ៣ ២១៣ ៦៣៧ ដុល្លាអាមេរិកឯណោះ។ សូមបញ្ជាក់ថា កម្អួតត្រីបាឡែនគឺជាវត្ថុធាតុដ៏កម្រសម្រាប់យកទៅផលិតជាទឹកអប់ប្រណិតដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ដូចនេះហើយទើបកម្អួតដែលត្រីបាឡែនបានក្អួតចោលនេះមានតម្លៃខ្ពស់ដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz