ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងប្រហារជីវិតម្ចាស់ទូកនេសាទម្នាក់ ដែលបានលួចបើកស្តាប់វិទ្យុបរទេស

    BY autoadmin December 21, 2020
    កូរ៉េខាងជើងប្រហារជីវិតម្ចាស់ទូកនេសាទម្នាក់ ដែលបានលួចបើកស្តាប់វិទ្យុបរទេស

    កូរ៉េខាងជើង៖ ម្ចាស់ទូកនេសាទកូរ៉េខាងជើងម្នាក់ត្រូវកាត់ទោសប្រហារជីវិត ព្រោះតែរូបគាត់បានស្តាប់វិទ្យុបរទេសក្រៅពីវិទ្យុជាតិកូរ៉េខាងជើង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DailyMail បានឲ្យដឹងថា ម្ចាស់ទូកនេសាទរូបនោះមានឈ្មោះថា Choi អាយុជាង ៤០ ឆ្នាំ ហើយវិទ្យុបរទេសដែលគាត់បានស្តាប់នោះគឺជាវិទ្យុអាស៊ីសេរីដែលបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក ដោយវិទ្យុមួយនេះមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងមានការិល័យផ្សាយបន្តនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយតាមរយៈការផ្សាយចេញពីការិយាល័យមួយនេះជាធម្មតាគឺមានកម្មវិធីនិយាយពីប្រទេសកូរ៉េខាងជើងផងដែរ។

    ប្រភពខាងលើបន្តថា លោក Choi មានទម្លាប់បើកស្តាប់វិទ្យុអាស៊ីសេរីអស់រយៈពេលប្រមាណជា ១៥ ឆ្នាំមកហើយ ចាប់តាំងពីគាត់នៅធ្វើការងារជាប្រតិបត្តិករវិទ្យុយោធាកូរ៉េខាងជើងម្លេះ ហើយក្រោយមកគាត់ក៏បានលាឈប់ពីការងារជាយោធាតែគាត់នៅបន្តទម្លាប់ស្តាប់វិទ្យុនេះដដែល ដែលយោងទៅតាមបទបញ្ជាកូរ៉េខាងជើងគឺពលរដ្ឋសាមញ្ញដូចរូបគាត់គ្មានសិទ្ធស្តាប់វិទ្យុបរទេសនេះទេ។

    តាមការពិតទៅលោក Choi ក៏បានដឹងថា គាត់បានធ្វើខុសនឹងបញ្ជារបស់កូរ៉េខាងជើងដែរតែគាត់គិតថា អាជ្ញាធរមិនបានដឹងរឿងនេះទេព្រោះតាមធម្មតាគាត់ស្ដាប់វិទ្យុតែពេលគាត់នៅលើទូកនេសាទប៉ុណ្ណោះ តែយ៉ាងណាក្តីមានមិត្តរួមការងាររបស់គាត់ម្នាក់បានរាយការណ៍ករណីនេះជូនអាជ្ញាធរព្រោះតែគាត់បារម្ភខ្លាចមានបញ្ហាដល់ក្រុមការងារទូកនេសាទទាំងមូលនៅពេលខាងមុខ។ សូមបញ្ជាក់ថា ​លោក Choi ត្រូវបានកាត់ទោសដោយការបាញ់សម្លាប់ជាសាធារណៈនៅពីមុខក្រុមការងារអ្នកនេសាទជាង ១០០ នាក់ ហើយការធ្វើដូចនេះគឺជាការព្រមានទៅដល់ក្រុមការងារទាំងនោះមិនឲ្យយកគំរូតាមលោក Choi ផងដែរ ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ DailyMail

    Share This Post: