ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគ្រោងនឹងបញ្ចប់ការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនជាអ្នកបង្កើតនៅឆ្នាំ២០២២

    BY autoadmin December 19, 2020
    វៀតណាមគ្រោងនឹងបញ្ចប់ការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនជាអ្នកបង្កើតនៅឆ្នាំ២០២២

    ការសាកល្បងលើមនុស្សចំនួន ៣ ដំណាក់កាល នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយវៀតណាមជាលើកដំបូងបំផុត គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ការសាកល្បងដំណាក់កាលទី១ បានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍។ វាជាវ៉ាក់សាំងដំបូងបង្អស់របស់វៀតណាមឈ្មោះថា Nanocovax ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC។ ការចាប់ផ្ដើមសាកល្បងដំបូងគឺមានអ្នកចូលរួមចំនួន ៣នាក់ អាយុចាប់ពី ២០ឆ្នាំឡើងទៅ ខណៈអ្នកដែលនៅសេសសល់ទាំង ៥៧នាក់ នឹងចាប់ផ្ដើមនៅថ្ងៃអង្គារក្រោយនេះ នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនៅទីក្រុងហាណូយ។

    ក្រុមហ៊ុន Nanogen បាននិយាយថា ខ្លួននឹងបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បង នៅខែកុម្ភៈឆ្នាំក្រោយ នៅទីក្រុងហាណូយ ដោយធ្វើតេស្តវ៉ាក់សាំងជាមួយក្រុមអ្នកស្ម័គ្រចិត្ត ៦០នាក់ ដោយសហការជាមួយសាកលវិទ្យាល័យពេទ្យយោធាវៀតណាម។ សម្រាប់ដំណាក់កាលនេះអ្នកស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨-៥០ឆ្នាំ ត្រូវបានបែងចែកជា ៣ក្រុម ដើម្បីទទួលបានដូសកម្រិតខុសគ្នា ដូចជា៖ ២៥, ៥០ និង ៧៥ មីក្រូក្រាមនៃវ៉ាក់សាំង ឬ placebo ។ ការចាក់ថ្នាំបង្ការមានកាលវិភាគ ២ដូស ក្នុងរយៈពេល ២៨ ថ្ងៃដាច់ពីគ្នា។

    ដំណាក់កាលទី២ គ្រោងនឹងចាប់ផ្តើមនៅខែកុម្ភៈ និងរហូតដល់ខែសីហាឆ្នាំក្រោយ ដោយមានអ្នកស្ម័គ្រចិត្ត ៤០០-៦០០ នាក់ អាយុ ១២-៧៥ ឆ្នាំ។ ចំណែកដំណាក់កាលចុងក្រោយនឹងមានរយៈពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអ្នកស្ម័គ្រចិត្ត ១ ៥០០-៣,០០០ នាក់ ដែលមានអាយុពី ១២ ទៅ ៧៥ឆ្នាំ ។ សម្រាប់ពេលនេះក្រសួងសុខាភិបាលវៀតណាម បានបង្កើតគណៈប្រតិភូចំនួន ៣នាក់ ដើម្បីចុះត្រួតពិនិត្យតាមដាន និងជួយក្រុមស្រាវជ្រាវវ៉ាក់សាំង COVID-19 នៅឯក្រុមហ៊ុន Nanogen៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: