រដ្ឋបាលក្រុងបាងកកសម្រេចលុបចោលកម្មវិធីឆ្លងឆ្នាំ និងស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះរយៈពេល ១៤ថ្ងៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Phuket News បានឱ្យដឹងថា រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា រាល់ការរាប់ថយក្រោយនៃពិធីចូលឆ្នាំថ្មី (coundown) ត្រូវបានលុបចោល ដោយសារហានិភ័យនៃជំងឺ COVID-19 ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNT បានរាយការណ៍តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការសម្រេចចិត្តលុបចោលរាល់ព្រឹត្តិការណ៍រាប់ថយក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីថ្មីនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ។

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា៖«ទោះយ៉ាងណាប្រសិនបើព្រឹត្តិការណ៍ណាមួយចង់ធ្វើឡើង ពួកគេនឹងត្រូវតែសុំការអនុញ្ញាត»។ BMA ក៏បានស្នើសុំឱ្យសាធារណជនធ្វើការពីផ្ទះរយៈពេល ១៤ថ្ងៃ ប៉ុន្តែពត៌មានបន្ថែមផ្សេងៗនៅមិនទាន់បង្ហាញជាសាធារណៈទេ។ ជម្រាបដែរថាករណីក្នុងសហគមន៍ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ គឺចេញពីតូបលក់គ្រឿងសមុទ្រមួយ នៅឯខេត្ត Samut Sakhon ។ ឥឡូវនេះអាជ្ញាធរក៏បានបន្ថែមការធ្វើតេស្ដចំពោះពលករថៃ ដែលធ្វើការនៅប្រទេសភូមាផងដែរ ព្រោះថាពលករភាគច្រើនដែលត្រឡប់មកប្រទេសវិញមានឆ្លងជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ The Phuket News