ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៨២នាក់ នៅថ្ងៃច័ន្ទនេះ ដែលភាគច្រើនជាករណីក្នុងស្រុកឆ្លងចេញពីកន្លែងតែមួយ

    BY autoadmin December 21, 2020
    ញាក់សាច់! ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៨២នាក់ នៅថ្ងៃច័ន្ទនេះ ដែលភាគច្រើនជាករណីក្នុងស្រុកឆ្លងចេញពីកន្លែងតែមួយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ការចម្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៨២នាក់ នៅថ្ងៃច័ន្ទនេះផ្ទាល់ ដោយក្នុងនោះមាន ៣៦០នាក់ ជាពលករចំណាកស្រុកមកពីប្រទេសភូមា ដែលផ្សារភ្ជាប់ទៅនឹងកន្លែងលក់គ្រឿងសមុទ្របោះដុំមួយ នៅខេត្ត Samut Sakhon ជាប់ព្រំដែនទីក្រុងបាងកក។ ការកើនឡើងនេះគឺមានឡើងបន្ទាប់ពីមានករណីថ្មីចំនួន ៥៧៦ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ នៅពេលដែលអាជ្ញាធរបានបង្កើនការធ្វើតេស្ដលើពលករក្នុងវិស័យនេសាទ នៅក្នុងតំបន់មានការផ្ទុះឡើងនេះ។

    ចំនួនឆ្លងថ្មីៗនេះបាននាំឱ្យប្រទេសថៃមានករណីសរុប ៥,២៨៩នាក់ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា ករណីបន្ថែមទៀតដែលទាក់ទងទៅនឹងផ្សារគ្រឿងសមុទ្រនៅ Mahachai នឹងត្រូវប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពពីក្រសួងសុខាភិបាលសាធារណៈនៅរសៀលថ្ងៃច័ន្ទនេះ។ សម្រាប់ពេលនេះខាងប្រទេសថៃកំពុងសុំឱ្យខាងប្រទេសភូមា ចូលរួមធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ពីសំណាក់ក្រុមពលករចំណាកស្រុក ពិសេសគឺអ្នកឆ្លងដែនចេញចូលខុសច្បាប់។

    លោក Taweesilp Visanuyothin មានប្រសាសន៍ថា៖«យើងសង្កត់ធ្ងន់តែវិធានការសុខភាព មិនមែនបទបញ្ញត្តិអន្តោប្រវេសន៍ទេ»។ លោកបាននិយាយថា មន្ទីរពេទ្យមួយដែលមានគ្រែចំនួន ១០០ នឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់បិទទ្វាររបស់ខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលចេញក្រៅ។ ជម្រាបដែរថា មានពលរដ្ឋប្រមាណ ១ ០០០ នាក់ តែងតែចេញចូលផ្សារដែលមានការផ្ទុះជំងឺឡើងនេះ ដើម្បីទិញបង្កងសម្រាប់លក់ដុំ និងលក់រាយនៅ Samut Sakhon និងខេត្តដទៃទៀត ខណៈអាជ្ញាធរព្យាយាមតាមរកពួកគេទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: