ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចាក់វ៉ាក់សាំងកូវីដ១៩ ផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីឲ្យពលរដ្ឋអាមេរិកទុកចិត្ត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក ចូ បៃដិន បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកទី១ របស់ក្រុមហ៊ុន Pfizer និង BioNTech ។ ការចាក់វ៉ាក់សាំងរបស់គាត់ក៏មានការផ្សាយផ្ទាល់នៅក្នុងកញ្ចក់ទូរទស្សន៍នៅថ្ងៃច័ន្ទនេះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តអំពីសុវត្ថិភាពនិងប្រសិទ្ធភាព ហើយមកការទទួលវ៉ាក់សាំបង្ការដូចគ្នា។ ជម្រាបដែរថាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Pfizer និង BioNTech ត្រូវការចាក់ចំនួន ២លើក ។

លោក ចូ បៃដិន បានទៅទទួលវ៉ាក់សាំងនេះនៅឯមន្ទីរពេទ្យ Christiana ក្នុងតំបន់ Newark នៃរដ្ឋ Delaware ហើយពេទ្យដែលចាក់ថ្នាំលើដៃឆ្វេងឱ្យគាត់ឈ្មោះថា អ្នកគ្រូពេទ្យ Tabe Mase ។ លោក ចូ បៃដិន បានអរគុណចំពោះកិច្ចខំប្រឹងប្រែងនៅក្នុងការចែកចាយវ៉ាក់សាំង ទៅដល់ពលរដ្ឋងាយរងគ្រោះ និងគ្រូពេទ្យជួរមុខ ហើយលោកក៏បានសរសើរដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ព្រោះថាវាក៏ជាការរួមចំណែករបស់ពួកគេ ទើបវ៉ាក់សាំងនេះអាចក្លាយជាការពិតបាន។
លោក ចូ បៃដិន ក៏បានសុំឱ្យពលរដ្ឋអាមេរិកស្ដាប់តាមអនុសាសន៍របស់អ្នកជំនាញសុខភាពសាធារណៈ ហើយចូលរួមពាក់ម៉ាស់ រក្សាគម្លាត និងមិនចេញដំណើរទៅណាប្រសិនបើមិនចាំបាច់ នៅចំអំឡុងពេលបុណ្យនៅចុងឆ្នាំនេះ។ គួរឱ្យដឹងដែរសហរដ្ឋអាមេរិកពេលនេះកំពុងមានវ៉ាក់សាំងចំនួន ២ ដាក់ឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់ ដោយទី១ គឺវ៉ាក់សាំងរបស់ Pfizer និង BioNTech និងទី២ គឺជាវ៉ាក់សាំងរបស់ Moderna ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN