ក្រុមហ៊ុន BioNTech និយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលខ្លួនបង្កើត មានប្រសិទ្ធភាពប្រឆាំងជាមួយមេរោគកូវីដ១៩ទម្រង់ថ្មីបាន
ក្រុមហ៊ុនផលិតឱសថអាឡឺម៉ង់ BioNTech បានលើកឡើងថា ខ្លួនមានទំនុកចិត្តថាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក Pfizer នឹងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 ទម្រង់ថ្មីនៅក្នុងចក្រភពអង់គ្លេស។ នាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានថ្លែងទៅកាន់អ្នកសារព័ត៌មានតាមអ៉ីនធរឺណេតកាលពីថ្ងៃអង្គារ ដោយបាននិយាយថា តាមបែបវិទ្យាសាស្ត្រវាទំនងជាវ៉ាក់សាំងនេះ ក៏អាចបង្កើតជាប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ារ្យង់ថ្មីផងដែរ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងត្រូវការប្រហែល ២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យបន្ថែម។

លោក Ugur Sahin បាននិយាយផងដែរថា ប្រសិនបើវ៉ាក់សាំងចាំបាច់ត្រូវកែតម្រូវដើម្បីដោះស្រាយជាមួយជំងឺ COVID-19 ប្រភេទថ្មី ក្រុមហ៊ុនរបស់គាត់នឹងអាចធ្វើបានក្នុងរយៈពេលប្រហែល ៦ សប្តាហ៍។ លោក Ozlem Tureci ប្រធានផ្នែកវេជ្ជសាស្ត្របានមានប្រសាសន៍ថា សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ កំពុងត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសជប៉ុន។ លោកស្រី Tureci បានមានប្រសាសន៍ថា លោកស្រីរំពឹងថាប្រទេសជប៉ុននឹងឈានទៅមុខយ៉ាងឆាប់រហ័សជាមួយនឹងដំណើរការអនុម័តរបស់ខ្លួន ដោយបន្ថែមថា លោកស្រីមិនអាចផ្តល់ពេលវេលាជាក់លាក់ណាមួយបានទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK