ពលករឡាវ ៣២ នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ទោះបីថៃផ្ទុះកូវីដក៏ដោយ
ថៃ៖ ពលរដ្ឋឡាវចំនួន ៣២នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃអង្គារកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋឡាវទាំង ៣២ នេះបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីដោយពួកគេបានជិះរថយន្តក្រុងអស់រយៈពេល ២ ម៉ោង ទើបមកដល់ចំណុចព្រំដែនម៉ាឡេស៊ី-ថៃ បន្ទាប់មកទៀតពួកគេបានជិះទូកកាត់ទន្លេ Sungai Kolok ហើយបានមកដល់ទឹកដីថៃនៅម៉ោង ៤ ព្រឹក និងបន្តដំណើរដោយថ្មើរជើង ២ គីឡូម៉ែត្រទៀតចូលនៅក្នុងសហគមន៍មួយដែលមានប្រជាពលរដ្ឋថៃរស់នៅដើម្បីសុំជំនួយ។

ប្រភពខាងលើបានបន្តថា ពលរដ្ឋឡាវទាំងនេះគឺធ្លាប់ធ្វើការជាកម្មករនេសាទសមុទ្រនៅក្នុងប្រទេសម៉ាឡេស៊ីនិងមានបំណងចង់ត្រលប់ទៅស្រុកកំណើតវិញ ហើយដោយពួកគេមិនអាចសុំឈប់ពីកន្លែងធ្វើការងារនិងត្រលប់ទៅប្រទេសកំណើតដោយត្រឹមត្រូវនោះ ទើបពួកគេសម្រេចប្រថុយឆ្លងដែនដោយខុសច្បាប់តាមប្រទេសថៃតែម្តង។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរថៃចាំបាច់ត្រូវអនុវត្តច្បាប់ចំពោះពួកគេជាមុនសិនគឺចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ មុននឹងទំនាក់ទំនងទៅកាន់រដ្ឋាភិបាលឡាវឬស្ថានទូតឡាវប្រចាំនៅប្រទេសថៃដើម្បីធ្វើអន្តរាគមន៍ចំពោះពួកគេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍