ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ព្រមានមិនចុះហត្ថលេខាលើលិខិតជំនួយថវិកាកូវីដ១៩ ដោយសារចង់បានបែបនេះ

    BY autoadmin December 23, 2020
    លោក ដូណាល់ ត្រាំ ព្រមានមិនចុះហត្ថលេខាលើលិខិតជំនួយថវិកាកូវីដ១៩ ដោយសារចង់បានបែបនេះ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានព្រមានថា លោកមិនចុះហត្ថលេខាលើលិខិតស្នើផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលមានទឹកប្រាក់ ៨៩២ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងថវិកាដែលត្រូវការចាំបាច់សម្រាប់ពលរដ្ឋអាមេរិកនោះទេ ដោយនិយាយថា វាគួរតែត្រូវបានធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ឱ្យច្រើនជាងនេះ។ ការគំរាមរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិរូបនេះ បានបង្កភាពវឹកវរដល់កិច្ចប្រឹងប្រែងទ្វេភាគីនៅក្នុងសភា ក្នុងការផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19 ។

    លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គម Twitter ថា៖«លិខិតស្នើដែលពួកគេគ្រោងនឹងបញ្ជូនមកខ្ញុំវិញ គឺខុសពីការរំពឹងទុក។ វាពិតជាគួឱ្យអាម៉ាស់ណាស់»។ ជម្រាបដែរថាទាំងសមាជិកសភាសហរដ្ឋអាមេរិក និងព្រឹទ្ធសភាបានអនុម័តច្បាប់នោះកាលពីយប់ថ្ងៃច័ន្ទ។ លោកបាននិយាយថា លោកចង់ឱ្យសភាបង្កើនចំនួនទឹកប្រាក់ជំនួយដល់ ២ ០០០ ដុល្លារ ដល់ពលរដ្ឋអាមេរិកក្នុងម្នាក់ៗ ឬ ៤ ០០០ ដុល្លារ សម្រាប់ប្ដីប្រពន្ធ ខណៈដែលចំនួនស្នើបច្ចុប្បន្នមានតែ ៦០០ ដុល្លារ ក្នុងម្នាក់ៗប៉ុណ្ណោះ។

    លោកបន្ថែមថា លោកបានស្នើឱ្យមានការកាត់បន្ថយអ្វីដែលមិនសំខាន់នៅក្នុងកញ្ចប់ថវិកាជំនួយ ហើយផ្ដល់ជាប្រាក់ដែលចាំបាច់ទៅឱ្យពលរដ្ឋតែម្ដង។ លោកថាប្រសិនមិនដូច្នោះទេ គឺមានតែរង់ចាំរដ្ឋបាលថ្មីបន្ទាប់ទៀត ដែលនោះគឺប្រហែលជារដ្ឋបាលរបស់គាត់តែម្ដង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: