អ្នកចូលចិត្តលេងវាយសី សូមប្រយ័ត្ន ព្រោះបុរសម្នាក់នេះបានបាត់បង់ជីវិត ក្រោយលេងវាយសីបានមួយសន្ទុះ
ម៉ាឡេស៊ី៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលគាត់សម្រាកពីលេងកីឡាវាយសីបានមួយភ្លែត។ បើយោងទៅតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន sinchew បានឲ្យដឹងថា បុរសជាជនរងគ្រោះមានឈ្មោះ Loh Weiyan អាយុ ៦២ ឆ្នាំ រស់នៅក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី ហើយរូបគាត់ជាមនុស្សម្នាក់ដែលមានទម្លាប់លេងកីឡាវាយសីជាប្រចាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅវាយសីជាមួយនឹងមិត្តភក្តិជាធម្មតា ហើយក្នុងពេលកំពុងលេងសុខៗ ស្រាប់តែគាត់បានដើរចេញពីកន្លែងវាយសីទៅអង្គុយសម្រាកនៅលើកៅអីតែម្នាក់ឯងដោយមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់ទៅកាន់មិត្តភក្តិគាត់។ ដោយសង្កេតឃើញមានអាការៈខុសប្រក្រតីមិត្តភក្តិរបស់គាត់ព្យាយាមសួរគាត់ថាគាត់មានបញ្ហាអ្វី តែគាត់មិនបានឆ្លើយនោះទេហើយបន្តិចក្រោយមកគាត់ក៏បានដួលសន្លប់តែម្តង។

មិត្តភក្តិរបស់ជនរងគ្រោះម្នាក់បានប្រាប់ឲ្យដឹងថា ក្នុងពេលជនរងគ្រោះទៅអង្គុយសម្រាកមួយភ្លែតនោះគាត់បានឮជនរងគ្រោះត្អើកយ៉ាងខ្លាំងមុននឹងដួលសន្លប់។ ភ្លាមៗក្រោយជនរងគ្រោះដួលសន្លប់នៅកន្លែងសម្រាកគេបានព្យាយាមធ្វើចលនាសង្គ្រោះបន្ទាន់ឲ្យគាត់ និងបានបញ្ជូនរូបគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ តែយ៉ាងណាក្តីពេលបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មូលហេតុអ្វីបានជាជនរងគ្រោះត្រូវស្លាប់យ៉ាងឆាប់រហ័សដូចនេះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ sinchew