អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ អាចត្រូវសមាជិកសភាកោះហៅមកសាកសួរ ជុំវិញការរំលោភច្បាប់មូលនិធិបោះឆ្នោត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ អាចត្រូវបានកោះហៅទៅសភាដើម្បីសាកសួរដោយសមាជិកសភា ចំពេលមានជម្លោះមួយជុំវិញការរំលោភបំពានច្បាប់មូលនិធិអំឡុងពេលបោះឆ្នោត។ ប្រភពពីរដ្ឋាភិបាលនិងគណបក្សជាច្រើនរបស់ជប៉ុនបាននិយាយថា គណបក្សកំពុងកាន់អំណាចរៀបចំកោះហៅលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះ ដើម្បីសាកសួរនៅគណៈកម្មាធិការដឹកនាំ។ ពួកគេក៏កំពុងពិចារណាផងដែរថា តើការសាកសួរនេះគួរត្រូវដាក់តាមវេបសាយដើម្បីបើកជាសាធារណៈ ឬអត់។

លោក ស៊ីនហ្សូ អាបេ ដែលបានលាឈប់ពីបញ្ហាសុខភាពកាលពីខែកញ្ញា កំពុងរងការសង្ស័យថា ការិយាល័យរបស់គាត់បានជួយរ៉ាប់រងថ្លៃចំណាយសម្រាប់ពិធីជប់លៀងអាហារពេលល្ងាចមួយដល់អ្នកគាំទ្រ ដែលជាការបំពានច្បាប់នៃការផ្តល់មូលនិធិ ប៉ុន្តែលោកបានបដិសេធនៅពេលត្រូវបានសាកសួរនៅក្នុងសភាកាលពីឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់ប្រឆាំងនឹងលេខារបស់គាត់គឺលោក Hiroyuki Haikawa ប៉ុន្តែបានសម្រេចចិត្តមិនធ្វើការចោទប្រកាន់ប្រឆាំងនឹងលោក អាបេ ទេ។
ព្រះរាជអាជ្ញាបាននិងកំពុងកសាងសំណុំរឿងប្រឆាំងនឹងលេខាវ័យ ៦១ឆ្នាំរូបនោះ ពីបទមិនបានរាយការណ៍អំពីប្រាក់ប្រមាណចំនួន ៤០ លានយ៉េន (៣៨៦,២១០ ដុល្លារអាមេរិក) ហើយពេលនេះលោក Haikawa មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយទេ។ ចំណែកលោក អាបេ ក៏បានបង្ហាញខ្លួនសម្រាប់ការសាកសួរដោយស្ម័គ្រចិត្តកាលពីថ្ងៃច័ន្ទ អំពីបញ្ហានេះ ប៉ុន្តែបានបដិសេធម្តងទៀតនូវរាល់ការពាក់ព័ន្ធរបស់គាត់។ បញ្ហានេះក៏ជះឥទ្ធពលដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Yoshihide Suga ព្រោះថាគាត់ធ្លាប់ជាដៃស្ដាំរបស់លោក ស៊ីនហ្សូ អាបេ ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia