ប្រទេសថៃបានណែនាំមន្ទីរពេទ្យឯកជនទូទាំងប្រទេស ផ្តល់ការធ្វើតេស្តរកជំងឺកូវីដ១៩ ដោយឥតគិតថ្លៃសម្រាប់អ្នកមានហានិភ័យខ្ពស់
នាយកដ្ឋានគាំទ្រសេវាសុខភាពកាលពីថ្ងៃពុធ បានណែនាំមន្ទីរពេទ្យឯកជនទូទាំងប្រទេសថៃ ផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ដោយឥតគិតថ្លៃសម្រាប់ក្រុមមនុស្សងាយមានគ្រោះថ្នាក់។ អគ្គនាយកនៃនាយកដ្ឋានលោក Thares Krassanairawiwong បាននិយាយថា រលកថ្មីនៃជំងឺ COVID-19 នៅខេត្តសាមុតសាខនកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនក្នុងតំបន់ ក៏ដូចជាអ្នកដែលបានទៅទស្សនាតំបន់នោះ។

លោកបាននិយាយថា នាយកដ្ឋានបានស្នើសុំឱ្យមន្ទីរពេទ្យឯកជនទាំងអស់នៅទូទាំងប្រទេស ត្រូវគោរពយ៉ាងតឹងរឹងនូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីថ្លៃព្យាបាលលើអ្នកជំងឺ COVID-19។ សេចក្តីប្រកាសរបស់ក្រសួងបានចែងថា អ្នកជំងឺ COVID-19 គឺជាអ្នកជំងឺបន្ទាន់ ដែលត្រូវទទួលការព្យាបាលបន្ទាន់ពីមន្ទីរពេទ្យ។ អ្នកជំងឺអាចទទួលការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យដែលពួកគេបានជ្រើសរើស ក្រោមគម្រោងសុខុមាលភាពសុខភាពរបស់រដ្ឋាភិបាល។
បើចាំបាច់ឬក្នុងករណីបន្ទាន់ ពួកគេអាចទទួលការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យសាធារណៈ ឬឯកជនណាមួយ។ មនុស្សផ្សេងទៀតដែលចង់ធ្វើតេស្ត ដោយមិនបានប៉ះពាល់នឹងអ្នកឆ្លងវីរុស ត្រូវតែបង់ថ្លៃតេស្តដោយខ្លួនឯង។ មន្ទីរពេទ្យដែលបដិសេធការព្យាបាលចំពោះអ្នកជំងឺ COVID-19 ឬគិតថ្លៃពួកគេ នឹងត្រូវបានពិចារណាថា រំលោភលើមាត្រាទី៣៦ នៃច្បាប់ស្តីពីមណ្ឌលសុខភាព៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍