បារាំងផ្តល់រង្វាន់ដល់បុគ្គលិកអន្តោប្រវេសន៍ជួរមុខ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនឹងការទទួលបានសញ្ជាតិបារាំងលឿនជាងមុន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់រយនាក់នៅប្រទេសបារាំង ដែលធ្វើការនៅជួរមុខប្រយុទ្ធប្រឆាំងជំងឺ COVID-19 នឹងអាចទទួលបានសញ្ជាតិលឿនជាងធម្មតា។ ក្រសួងមហាផ្ទៃបានអញ្ជើញអ្នកដែលបានជួយក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹង COVID-19 ដើម្បីទៅដាក់ពាក្យសុំយកសញ្ជាតិនេះ។ ឥឡូវនេះមានមនុស្សជាង ៧០០នាក់ បានទទួលសញ្ជាតិរួចហើយ ឬស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ជាតិ។ ពួកគេរួមមានអ្នកជំនាញថែទាំសុខភាព អ្នកសម្អាត និងបុគ្គលិកហាង។

បុគ្គលិកជួរមុខនៅទូទាំងពិភពលោក មានហានិភ័យប៉ះទៅជំងឺ COVID-19 បូករួមទាំងពេទ្យ និងបុគ្គលិកពេទ្យ។ ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងបម្រើដល់ប្រទេសជាតិ បារាំងបានប្រកាសការផ្ដល់សញ្ជាតិឱ្យបានលឿនតាមដែលអាចទៅបាន តាំងតែពីខែកញ្ញា ដោយក្នុងនោះមានបុគ្គលិកជួរមុខប្រមាណ ៧៤នាក់ បានទទួលរួចហើយ ខណៈមាន ២ ៨៩០នាក់ កំពុងដាក់ពាក្យសុំយក។ ជាធម្មតាបេក្ខជនដែលដាក់ពាក្យជាប់ គឺជាអ្នករស់នៅក្នុងប្រទេសបារាំងអស់រយៈពេល ៥ឆ្នាំ ជាមួយនឹងប្រាក់ចំណូលមានស្ថេរភាព និងបង្ហាញសមាហរណកម្មទៅក្នុងសង្គមបារាំង។
ប៉ុន្តែរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់បុគ្គលិកជួរមុខមិនថាជាពេទ្យ បុគ្គលិកពេទ្យ ឬអ្នកអនាម័យ ដែលរស់នៅប្រទេសបារាំងត្រឹមតែ ២ឆ្នាំ គឺអាចដាក់ពាក្យសុំយកសញ្ជាតិបាន ដោយចាត់ទុកពួកគាត់ថាជាអ្នកបម្រើដល់ជាតិដ៏អស្ចារ្យ។ ការពិតទៅប្រទេសបារាំងមានជនអន្តោប្រវេសន៍ច្រើន ដោយកាលពីឆ្នាំ២០១៧ ប្រទេសនេះមានជនអន្តោប្រវេសន៍ប្រមាណ ៦.៤លាននាក់។ ប៉ុន្តែការដែលទទួលបានសញ្ជាតិគឺជារឿងពិបាក ហើយដំណើរការធ្វើគឺយឺតបំផុត ចំណែកអ្នកដែលទទួលបានសញ្ជាតិពេញលេញក៏មានតិចដែរ៕
![]()

អត្ថបទ៖ លីដា
ប្រភព៖ BBC