ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចប្រើវិធីធ្វើតេស្តរកជំងឺកូវីដ១៩ថ្មីនៅក្នុងខេត្តសាមុតសាខន ដែលអាចដឹងលទ្ធផលក្នុងរយៈពេលតែ ៣០ នាទី

    BY autoadmin December 28, 2020
    ថៃសម្រេចប្រើវិធីធ្វើតេស្តរកជំងឺកូវីដ១៩ថ្មីនៅក្នុងខេត្តសាមុតសាខន ដែលអាចដឹងលទ្ធផលក្នុងរយៈពេលតែ ៣០ នាទី

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃបានសម្រេចប្រើប្រាស់វិធីសាស្រ្តថ្មីសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ នៅក្នុងចំណោមពលរដ្ឋនៅក្នុងខេត្តសាមុតសាខន ដែលវិធីថ្មីនេះនឹងផ្តល់ទល្ធផលបានយ៉ាងរហ័សជាងមុន។  លោក Veerasak Vijitsaengsri ដែលជាអភិបាលខេត្តសាមុតសាខនបានឲ្យដឹងថា ការសម្រេចប្រើប្រាស់វិធីធ្វើតេស្តថ្មីនេះគឺដើម្បីឆ្លើយតបទៅស្ថានភាពជាក់ស្តែង ដែលមានពលរដ្ឋយ៉ាងច្រើនមករង់ចាំធ្វើតេស្តនិងត្រូវការដឹងលទ្ធផលកាន់តែលឿនកាន់តែល្អដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍។ វិធីថ្មីនេះគឺជាការពិនិត្យឈាមជនរងគ្រោះនិងអាចផ្តល់លទ្ធផលក្នុងរយៈពេល ៣០ នាទី និងមានតម្លៃថោកជាងមុនទៀតផង ខណៈរបៀបនៃការធ្វើតេស្តចាស់គឺគេត្រូវយកឧបករណ៍ធ្វើតេស្តតូចមួយរុកចូលទៅក្នុងច្រមុះជនរងគ្រោះដើម្បីយកសំណាកទៅពិនិត្យ ហើយលទ្ធរបស់វាអាចនឹងបង្ហាញក្នុងអំឡុងពេល ២៤ ម៉ោង។

    អភិបាលខេត្តរូបនេះបានបន្តថា​ អាជ្ញាធរក៏បានសម្រេចបន្ថែមគ្រែពេទ្យនៅក្នុងមន្ទីរពេទ្យថ្មីសម្រាប់អ្នកជំងឺកូវីដ ៩ ផងដែរ ពីចំនួន ៣០ ទៅដល់ ១០០ គ្រែ ដើម្បីធានាថាអ្នកជំងឺមានកន្លែងសម្រាប់ព្យាបាលគ្រប់គ្រាន់។ សុំបញ្ជាក់ថា មន្ទីរពេទ្យថ្មីសម្រាប់អ្នកជំងឺកូវីដ ១៩ នេះ មិនមែនជាមន្ទីរពេទ្យស្តង់ដាដូចពេទ្យទូទៅនោះទេ តែវាជាកន្លែងសម្រាកព្យាបាលជំងឺបង្កើតឡើងនៅទីវាលមួយដោយគ្រាន់តែមានបំពាក់ឧបករណ៍ពេទ្យចាំបាច់មួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺស្រាលៗប៉ុណ្ណោះ ហើយអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរនឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យធម្មតាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: