ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺម្នាក់ដែលបានកុហកថាគ្មានរោគសញ្ញាអ្វីក្នុងខ្លួនពេលទៅមន្ទីរពេទ្យ

    BY autoadmin December 28, 2020
    វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺម្នាក់ដែលបានកុហកថាគ្មានរោគសញ្ញាអ្វីក្នុងខ្លួនពេលទៅមន្ទីរពេទ្យ

    ម៉ាឡេស៊ី៖ មន្រ្តីសុខាភិបាលម៉ាឡេស៊ីម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺម្នាក់ដែលបានកុហកថាគ្មានរោគសញ្ញាអ្វីក្នុងខ្លួននោះទេក្នុងពេលទៅរកសេវាព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មន្ត្រីសុខាភិបាលដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នេះមានឈ្មោះថា Nur Marini Zainal និងជាវេជ្ជបណ្ឌិតឯកទេសផ្នែកស្កេនប្រចាំនៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា មុនពេលឆ្លងជំងឺកូវីដ ១៩ មានអ្នកជំងឺម្នាក់បានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវា CT ស្កេនពីលោកវេជ្ជបណ្ឌិតរូបនេះ ហើយមុនពេលសម្រេចផ្តល់សេវាស្កេនខាងមន្ទីរពេទ្យបានស្ទង់កំដៅអ្នកជំងឺនិងបានសួរនាំអ្នកជំងឺយ៉ាងច្រើនពីប្រវត្តិនៃការធ្វើដំណើរនិងរោគសញ្ញាមួយចំនួននៅក្នុងខ្លួនរបស់គាត់ក្នុងរយៈ ២សប្តាហ៍កន្លងមកនេះ។​

    ដោយលទ្ធផលនៃការស្ទង់កំដៅបានបង្ហាញថា អ្នកជំងឺមានកំដៅខ្លួនធម្មតាបូករួមជាមួយនឹងការអះអាងថាគាត់គ្មានរោគសញ្ញាអ្វីគួរឲ្យគត់សម្គាល់ទេនោះ ខាងមន្ទីរពេទ្យក៏សម្រេចផ្តល់សេវា CT ស្កេនទៅកាន់អ្នកជំងឺ។

    យ៉ាងណាក្តី ពេលធ្វើ CT ស្កេនគេបានរកឃើញថា សួតរបស់អ្នកជំងឺហាក់ដូចគ្នាទៅនឹងសួតរបស់អ្នកជំងឺកូវីដ ១៩ ដែរ ទើបខាងមន្ទីរពេទ្យសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ នៅក្នុងខ្លួនអ្នកជំងឺនិងដាក់ឲ្យគាត់នៅដាច់ដោយឡែករហូតដឹងលទ្ធផល ហើយលទ្ធផលពិតជាបានបង្ហាញថាអ្នកជំងឺវិជ្ជមានជំងឺកូវីដ ១៩ ប្រាកដមែន។ ក្រោយការរកឃើញលទ្ធផលវិជ្ជដូចនេះទើបអ្នកជំងឺសារភាពថា តាមការពិតគាត់មានអាការៈក្តៅខ្លួននិងក្អកមួយសប្តាហ៍មកហើយ តែគាត់ព្យាយាមលាក់បាំងរោគសញ្ញាទាំងនោះព្រោះខ្លាចខាងមន្ទីរពេទ្យមិនផ្តល់សេវាស្កេនចំពោះរូបគាត់។ បន្ទាប់មកទៀតលោកវេជ្ជបណ្ឌិត Nur Marini Zainal  ដែលជាអ្នកស្កេនអ្នកជំងឺផ្ទាល់ដោយមិនបានប្រើប្រាស់សំលៀកបំពាក់ពិសេសសម្រាប់ការពារមេរោគនោះក៏សម្រេចធ្វើចត្តាឡីស័ក និងក្រោយមករូបគាត់ក៏ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ។ លោកវេជ្ជបណ្ឌិត Nur Marini Zainal បានអំពាវនាវឲ្យអ្នកជំងឺទាំងអស់កុំលាក់បាំងរោគសញ្ញារបស់ខ្លួនឲ្យសោះព្រោះវាអាចក្លាយជាការចម្លងជំងឺបន្តចូលទៅក្នុងសហគមន៍ដូចក្នុងករណីនេះអីចឹង ខណៈសំលៀកបំពាក់ពិសេសសម្រាប់ការពារមេរោគនោះមានចំនួនកំណត់ទុកសម្រាប់ប្រើប្រាស់ចំពោះតែអ្នកជំងឺកូវីដ ១៩ ឬអ្នកមានការសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩ ខ្ពស់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: