លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានព្រមានថា បើអាមេរិកមិនផ្ដល់វ៉ាក់សាំងឱ្យប្រទេសខ្លួនទេនោះ ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានគំរាមសហរដ្ឋអាមេរិកថា ហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាដ៏សំខាន់ជាមួយគ្នា ប្រសិនបើវ៉ាក់សាំង COVID-19 រាប់លានមិនត្រូវបានផ្តល់មកប្រទេសខ្លួនទេនោះ។ ប្រឈមនឹងការរិះគន់ផ្ទៃក្នុងយ៉ាងខ្លាំងអំពីការពន្យារពេលក្នុងការទិញវ៉ាក់សាំង លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានលើកយកកិច្ចព្រមព្រៀងយោធានេះមកចរចាជាមួយអាមេរិក ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ពីសហរដ្ឋអាមេរិក។

លោកបាននិយាយកាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍ជាមួយសមាជិកគណៈរដ្ឋមន្ត្រី និងក្រុមការងារពិសេសឆ្លើយតបនឹងជំងឺ COVID-19 របស់លោកថា៖«ប្រសិនបើពួកគេខកខានក្នុងការផ្តល់វ៉ាក់សាំងចំនួន ២០លានដូស យកល្អពួកគេគួរតែចាកចេញពីទីនេះទៅ។ គ្មានវ៉ាក់សាំង ឬគ្មានការស្នាក់នៅទីនេះឡើយ»។ រំលឹកដែរថាកាលពីខែវិច្ឆិកា លោកប្រធានាធិបតីបានព្រមព្រៀងពន្យារពេល ៦ខែ ក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៩៨ ស្តីពីការចូលមករបស់កងទ័ពអាមេរិក ដែលចាំបាច់សម្រាប់សន្ធិសញ្ញាការពារជាតិរវាងទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៊ីនតោន។
ការព្រមានរបស់លោកត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរបស់គាត់បានខកខានក្នុងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ខណៈដែលប្រទេសជិតខាងដូចជាសាំងហ្គាពួរ និងឥណ្ឌូនេស៊ី កំពុងមានការដឹកជញ្ជូនចូលជាបណ្ដើរៗ។ ប្រធានាធិបតីរូបនេះមានទំនោរទៅរកវ៉ាក់សាំងរបស់ចិន និងរុស្ស៊ី ដោយបានរិះគន់ថា អឺរ៉ុបគិតតែរឿងលុយចំពោះបញ្ហាវ៉ាក់សាំងនេះ។ ឥឡូវនេះហ្វីលីពីនមានវ៉ាក់សាំងតែ ២.៦ លានដូស ពីក្រុមហ៊ុន AstraZeneca ប៉ុណ្ណោះ ដែលនឹងមកដល់នៅខែឧសភាឆ្នាំក្រោយ។ ចំណែកចំនួនករណីជំងឺ COVID-19 នៅប្រទេសនេះបានកើនដល់ជាង ៤៧០,០០០ នាក់ និងមានអ្នកជំងឺច្រើនជាង ៩,០០០នាក់ បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Nikkei