Singapore Airlines ដាក់ប្រើប្រាស់សាកល្បងប៉ាស្ព័រពិសេស ឬប៉ាស្ព័រកូវីដ១៩ សម្រាប់តាមដានចំណុចទាំងនេះរបស់អ្នកដំណើរ
សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានក្លាយជាក្រុមហ៊ុនទី ១ ដែលបានប្រើប្រាស់លិខិតឆ្លងដែនពិសេសសម្រាប់អ្នកជំងឺកូវីដ ១៩ ឬជាភាសាអង់គ្លេសផ្លូវការហៅថា “Covid-19 Passport”។ បើយោងតាមសារព័ត៌មាន RT News បានបញ្ជាក់ថា លិខិតឆ្លងដែនកូវីដ ១៩ នេះ គឺជាលិខិតបញ្ជាក់មានទម្រង់ជាកម្មវិធីទូរស័ព្ទមានឈ្មោះថា Travel Pass ហើយវាអាចបង្ហាញពីអំពីលទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ ១៩ របស់អ្នកដំណើរ និងស្ថានភាពចុងក្រោយនៃការប្រើប្រាស់វ៉ាក់សាំងនៅក្នុងខ្លួនអ្នកដំណើរផងដែរ។ តំណាងរបស់ក្រុមហ៊ុន Singapore Airlines បានអះអាងថា ការអនុវត្តវិធានការមួយនេះនឹងក្លាយជាដំណោះស្រាយដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូលនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ ក្នុងគោលបំណងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ដូចបានជម្រាបជូនខាងលើនេះទើបតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេនៅក្នុងពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុន Singapore Airlines បានដាក់ឲ្យប្រើប្រាស់សាកល្បងក្នុងជើងហោះហើរពីទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី និងទីក្រុងកូឡាំឡាំពួរប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសសិង្ហបុរី។ ក្នុងពេលដ៏ឆាប់ខាងមុខក្រុមហ៊ុននឹងបន្តដាក់ឲ្យប្រើប្រាស់នៅតាមបណ្តាទីតាំងសំខាន់ៗជាច្រើនទៀតដែលជាទិសនៃការហោះហើរចេញ-ចូលប្រទេសសិង្ហបុរី ហើយគេជឿថានៅពេលវាទទួលបានជោគជ័យខ្លាំងក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកក៏អាចសាកល្បងប្រើប្រាស់លិខិតឆ្លងដែនពិសេសមួយនេះបានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ RT News