វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅអង់គ្លេសជាផ្លូវការ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដែលចក្រភពអង់គ្លេសបានបញ្ជាទិញវាចំនួន ១០០ លានដូស ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ ៥០ លាននាក់។ រដ្ឋលេខាធិកាក្រសួងសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា ប្រការនេះនឹងធ្វើឱ្យប្រទេសខ្លួនអាចផ្ដល់ជូនវ៉ាក់សាំងដល់ពលរដ្ឋទាំងមូល បូករួមទាំងវ៉ាក់សាំងពីក្រុមហ៊ុន Pfizer-BioNTech ដែលខ្លួនបានបញ្ជាទិញផងដែរ។

ការប្រកាសនេះគឺបានកើតឡើងនៅពេលដែលមនុស្សរាប់លាននាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា នឹងត្រូវដាក់នៅក្រោមការរឹតត្បិតយ៉ាងតឹងរឹងបំផុតកម្រិតទី៤។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មានករណីជំងឺ COVID-19 សរុបប្រមាណ ៥៣,១៣៥ ករណី ត្រូវបានកត់ត្រានៅចក្រភពអង់គ្លេស ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មានពីមុនមក បូករួមទាំងការស្លាប់ថ្មីចំនួន ៤១៤នាក់ ត្រូវបានរាប់បញ្ចូល។


អត្ថបទ៖ លីដា
ប្រភព៖ BBC