រដ្ឋាភិបាលជប៉ុនពិចារណាដាក់ទីក្រុងតូក្យូក្នុងភាពអាសន្ន ស្របពេលដែលករណីជំងឺកូវីដ១៩ កាន់តែកើនឡើង និងរំខានដល់ប្រព័ន្ធសុខាភិបាល
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ បាននិយាយថា រដ្ឋាភិបាលនឹងពិចារណាប្រកាសភាពអាសន្នសម្រាប់តំបន់ទីប្រជុំជនទីក្រុងតូក្យូ ខណៈដែលករណីឆ្លងជំងឺ COVID-19 កាន់តែកើនឡើង និងប៉ះពាល់យ៉ាងខ្លាំងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ ជម្រាបដែរថា ជប៉ុនបានមើលឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៤ ៥២០ ករណី កាលពីថ្ងៃទី៣១ ខែធ្នូ ដែលជំរុញឱ្យរាជធានីតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ ស្វែងរកសេចក្តីប្រកាសអាសន្នជាបន្ទាន់។

យ៉ាងណានាយករដ្ឋមន្រ្តីលោក Yoshihide Suga បានប្រឆាំងនឹងការអំពាវនាវទាំងនោះ ដោយគិតអំពីការខូចខាតដែលអាចកើតមានចំពោះសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយដើម្បីជាវិធានការបណ្តោះអាសន្ន ភោជនីយដ្ឋាន និងហាងខារ៉ាអូខេនៅក្នុងតំបន់តូក្យូ កំពុងត្រូវបានស្នើសុំឱ្យបិទទ្វារចាប់ពីម៉ោង ៨ យប់ ពោលគឺលឿនជាងមុន ដែលត្រូវបិទនៅម៉ោង ១០ យប់ ខណៈដែលអាជីវកម្មដែលបម្រើស្រា គួរតែបិទនៅម៉ោង ៧យប់។ លោកបានកត់សម្គាល់ថា ការបន្ថយរយៈពេលម៉ោងធ្វើការសម្រាប់ភោជនីយដ្ឋាន បានជួយទប់ស្កាត់ការកើនឡើងនៃការឆ្លងមេរោគនៅក្នុងតំបន់មួយចំនួនរួមមានអូសាកា និងហុកកាដូ។
គួរឱ្យដឹងដែរថាប្រសិនបើការប្រកាសអាសន្នត្រូវបានធ្វើឡើង វានឹងក្លាយជាការប្រកាសលើកទី២ សម្រាប់ប្រទេសជប៉ុន ដែលធ្លាប់បានចូលក្នុងភាពអាសន្នជុំវិញបញ្ហាជំងឺ COVID-19 នៅពេលមានការផ្ទុះឡើងនៃរលកដំបូង។ ការប្រកាសលើកដំបូងបានបន្តអស់រយៈពេលជាងមួយខែ កាលពីនិទាឃរដូវឆ្នាំមុន នៅពេលដែលសាលារៀន និងអាជីវកម្មមិនសំខាន់ត្រូវបានស្នើសុំឱ្យបិទទាំងអស់៕

![]()
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia