ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីគ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ឥតគិតថ្លៃជូនពលរដ្ឋចំនួន ១ លាននាក់នៅខែកុម្ភៈខាងមុខនេះ

    BY autoadmin January 11, 2021
    ម៉ាឡេស៊ីគ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ឥតគិតថ្លៃជូនពលរដ្ឋចំនួន ១ លាននាក់នៅខែកុម្ភៈខាងមុខនេះ

    ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Datuk Seri Dr Adham Baba បានប្រកាសជាសាធារណៈនាពេលកន្លងទៅថា ពលរដ្ឋម៉ាឡេស៊ីចំនួន ១ លាននាក់នឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ​ ១៩ នៅក្នុងខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា វ៉ាក់សាំងដែលម៉ាឡេស៊ីគ្រោងនឹងចាក់ជូនពលរដ្ឋនោះគឺជាវ៉ាក់សាំង Pfizer-BioNTech របស់អាមេរិក ហើយការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងក្រោមកម្មវិធី “ចាក់ថ្នាំ​បង្ការរោគថ្នាក់ជាតិ” ដែលមានន័យថា ពលរដ្ឋម៉ាឡេស៊ីគ្រប់រូបអាចមកទទួលយកវ៉ាក់សាំងដោយឥតថ្លៃនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពរដ្ឋនៅទូទាំងប្រទេស។

    យ៉ាងណាក្តី ដោយសារតែវ៉ាក់ការពារជំងឺកូវីដ ១៩ មានចំនួនកំណត់ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចាក់ជូនពលរដ្ឋត្រឹមតែ ១ លាននាក់មុនសិននៅក្នុងដំណាក់កាលទី ១នេះ ហើយពលរដ្ឋទាំង ១ លាននាក់នោះត្រូវបានគេផ្តល់សិទ្ធអាទិភាពចំពោះក្រុមបុគ្គលិកសុខាភិបាលជួរមុនដែលត្រូវធ្វើការងារផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ ១៩ និងក្រុមពលរដ្ឋងាយរងគ្រោះដោយជំងឺកូវីដ ១៩ ដូចជាក្រុមពលរដ្ឋដែលកំពុងមានជំងឺបេះដូង សួត ក្រលៀន និងជំងឺទឹកនោមផ្អែមប្រចាំកាយស្រាប់។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីម៉ាឡេស៊ីខាងលើនេះ គឺម៉ាឡេស៊ីគ្រោងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន ៦,២ លាននាក់បន្ថែមទៀតនៅក្នុងតំណាក់កាលទី ២ ហើយនឹងបន្តចាក់ជាច្រើនដំណាក់កាលទៀតឲ្យបាន ៨០%​ នៃចំនួនប្រជាពលរដ្ឋសរុប ឬស្មើនឹងចំនួន ២៦ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: