ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតាវ័យ ៨២ ឆ្នាំរូបនេះគឺជាពលរដ្ឋដំបូងគេបង្អស់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ជាផ្លូវការ

    BY autoadmin January 4, 2021
    លោកតាវ័យ ៨២ ឆ្នាំរូបនេះគឺជាពលរដ្ឋដំបូងគេបង្អស់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ជាផ្លូវការ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ប្រធានផ្នែកថែទាំចូលនិវត្តន៍អាយុ ៨២ឆ្នាំម្នាក់ បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក (ក្រៅពីការធ្វើតេស្ដសាកល្បង) ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ។ លោកតាម្នាក់នេះមានឈ្មោះថា Brian Pinker គាត់បានទទួលវ៉ាក់សាំងនេះនៅម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទនេះ ពីគិលានុបដ្ឋាយិកាឈ្មោះ Sam Foster នៅមន្ទីរពេទ្យ Churchill នៃសាកលវិទ្យាល័យ Oxford របស់ NHS ។

    ក្រោយពីទទួលបានវ៉ាក់សាំងរួចហើយនោះ លោកតា Brian Pinker បាននិយាយថា វ៉ាក់សាំងនេះបានធ្វើឱ្យគាត់ស្ងប់ចិត្ត ខណៈដែលគាត់ផ្ទាល់ក៏កំពុងបន្ដព្យាបាលជំងឺប្រចាំកាយផងដែរ។ បន្ទាប់ពីនេះគាត់ក៏សង្ឃឹមថា នឹងបានធ្វើខួបអាពាហ៍ពិពាហ៍លើកទី៤៨ ដោយគ្មានទុក្ខកង្វល់ជាមួយនឹងប្រពន្ធរបស់គាត់គឺលោកយាយ Shirley ដែលនឹងប្រព្រឹត្តនៅខែកុម្ភៈខាងមុខនេះ។ លោកតាថែមទាំងបាននិយាយទាំងមានមោទនភាពថា លោកពិតជារីករាយដែលវ៉ាក់សាំងនេះត្រូវបានបង្កើតនៅ Oxford ដែលជាទីកំណើតរបស់គាត់ផ្ទាល់។

    ជម្រាបដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford គឺទើបតែទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ដោយរដ្ឋាភិបាលអង់គ្លេសនាពេលថ្មីៗនេះប៉ុណ្ណោះ។ ពោលគឺវ៉ាក់សាំងនេះទើបតែទទួលបានការអនុញ្ញាតកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅក្នុងអ្វីដែលរដ្ឋាភិបាលអង់គ្លេសហៅវាថា ជាការអនុវត្តចំគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការបង្កើនចំនួនវ៉ាក់សាំង សម្រាប់ចាក់បង្ការដល់ពលរដ្ឋអង់គ្លេសទាំងមូល៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Guardian

    Share This Post: