អ្នកមុជទឹកអង់គ្លេស ដែលរកឃើញកុមារថៃទាំង ១២ នាក់នៅក្នុងរូងភ្នំ ទទួលបានលិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីថៃ
អ្នកមុជទឹកសញ្ជាតិអង់គ្លេសលោក Robert Harper ដែលជាអ្នកមុជទឹកដំបូងគេអាចរកឃើញកន្លែងជាប់ខ្លួនកុមារថៃទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នំនោះ ទទួលបានលិខិតថ្លែងអំណរគុណជាផ្លូវការមួយពីអាជ្ញាធរថៃ។ ខិលិតថ្លែងអំណរគុណដែលមានចុះហត្ថលេខាដោយលោក Weerasak Kowsurat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនេះ បានធ្វើការកោតសរសើរផ្តោតសំខាន់ទៅលើការប្រើប្រាស់វិជ្ជាជីវៈរបស់លោក Robert Harper ក្នុងការជួយសេវាសាធារណៈមកកាន់ប្រជាជនថៃ។
លោករដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមទៀតថា ការស្ម័គ្រចិត្តជួយរបស់លោក Robert Harper នេះ គឺបានបង្ហាញនូវសេចក្តីថ្លៃថ្លូ និងកិត្តិយសរបស់រូបគាត់ផ្ទាល់យ៉ាងខ្លាំងតែម្តង។ ក្រៅតែពីរដ្ឋាភិបាលថៃ ក៏មានដែរក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃទូទៅ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណជាខ្លាំង ចំពោះការស្ម័គ្រចិត្តជួយរបស់អ្នកមុជទឹកអង់គ្លេសរូបនេះមកកាន់ប្រជាជនថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia