ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននឹងប្រកាសភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងខេត្តក្រុងជិតខាងចំនួន ៣ នៅថ្ងៃព្រហស្បតិ៍នេះ

    BY autoadmin January 5, 2021
    ជប៉ុននឹងប្រកាសភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងខេត្តក្រុងជិតខាងចំនួន ៣ នៅថ្ងៃព្រហស្បតិ៍នេះ

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងខេត្តក្រុងជិតខាងចំនួន ៣ នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងពិចារណាប្រកាសអំពីស្ថានភាពអាសន្នសម្រាប់រាជធានី ក៏ដូចជាក្រុង Saitama ខេត្ត Chiba និងខេត្ត Kanagawa ។ លោកក៏បានថ្លែងថា សារចាំបាច់នានាត្រូវបញ្ជូនទៅសាធារណៈជនឱ្យបានដឹង។

    លោក Suga Yoshihide បាននិយាយថា ករណីថ្មីៗនៅក្នុងតំបន់ទាំងនោះនៅតែមានកម្រិតខ្ពស់ខ្លាំងក្នុងរយៈពេល ៣ថ្ងៃ ដំបូងនៃឆ្នាំ២០២១ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេស ហើយការប្រកាសនេះទំនងជាមានសុពលភាពប្រហែលមួយខែ។ រដ្ឋាភិបាលនឹងព្យាយាមមិនរារាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយអនុវត្តវិធានការណ៍ផ្សេងៗដើម្បីការពារការឆ្លង។ ខ្លួនគ្រោងនឹងស្នើសុំភោជនីយដ្ឋាន និងរង្គសាល កាត់បន្ថយពេលវេលាធ្វើការ និងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកដែលគោរពតាមការស្នើសុំ។

    ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ និងរដ្ឋាភិបាលនៃអាណាខេត្តចំនួន ៣ រដ្ឋាភិបាលកណ្តាលគ្រោងនឹងរឹតបន្តឹងច្បាប់ស្តីពីព្រឹត្តិការណ៍នានា និងលើកទឹកចិត្តដល់អាជីវកម្មឱ្យអនុវត្តគម្រោងការងារពីចម្ងាយ។ យ៉ាងណារដ្ឋាភិបាលកណ្តាលនឹងមិនស្នើសុំឱ្យសាលារៀនទាំងអស់នៅក្នុងតំបន់ត្រូវបិទនោះទេ ហើយការប្រឡងចូលសកលវិទ្យាល័យមានលក្ខណៈស្តង់ដារ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមករា តាមការគ្រោងទុកដោយមានវិធានការតឹងរឹង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: