ប្រទេសថៃទំនងនឹងពន្យារភាពអាសន្នទូទាំងប្រទេសជាលើកទី០៩ ដោយសារស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកាន់តែអាក្រក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា គណៈកម្មាធិការរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានយល់ព្រមឱ្យមានការពន្យារពេលភាពអាសន្នក្នុងប្រទេស រហូតដល់ដាច់ខែកុម្ភៈ។ ជម្រាបដែរថា ប្រសិនបើការពន្យារពេលត្រូវបានសម្រេចជាផ្លូវការ នេះនឹងក្លាយជាការពន្យារភាពអាសន្នលើកទី០៩ ក្នុងប្រទេសថៃ ចាប់តាំងពីជំងឺ COVID-19 បានវាយប្រហារប្រទេសនេះ។

ការអនុម័តលើការពន្យារពេលទៅលើក្រឹត្យគ្រាអាសន្នរយៈពេល ៤៥ថ្ងៃ ជំនួសឱ្យការពន្យារពេលធម្មតាដែលមានរយៈពេលរាប់ខែ បានកើតឡើងនៅពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីជំងឺ COVID-19 ក្នុងសហគមន៍នាពេលថ្មីៗនេះ បន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខនចាប់តាំងពីខែមុន។ ការពន្យាររយៈពេល ៤៥ថ្ងៃ បន្ថែមទៀតនេះ នឹងត្រូវដាក់ទៅខាងគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារនេះផ្ទាល់តែម្ដង ដើម្បីការសម្រេចបន្ទាប់មកទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand