ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មករថៃជាង ១សែននាក់នឹងទទួលបានប្រាក់ខែ ៥០% រយៈពេល ៣ខែ បន្ទាប់ពីបាត់បង់ការងារដោយជំងឺកូវីដ ១៩ ដែលផ្ទុះចេញពីខេត្តសាមុតសាខន

    BY autoadmin January 11, 2021
    កម្មករថៃជាង ១សែននាក់នឹងទទួលបានប្រាក់ខែ ៥០% រយៈពេល ៣ខែ បន្ទាប់ពីបាត់បង់ការងារដោយជំងឺកូវីដ ១៩ ដែលផ្ទុះចេញពីខេត្តសាមុតសាខន

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​ មានក្រុមកម្មករថៃជាង ១០០ ០០០ នាក់បានបាត់បង់ការងារ ឬត្រូវផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចបិទអាជីវកម្មប្រមាណជា ៦ ០០០ កន្លែងនៅក្នុងតំបន់ក្រហមចំនួន ២៨ កន្លែងនៅតាមបណ្តាខេត្តជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បង្គានៅក្នុងខេត្តសាមុតសាខន។ បើតាមការបញ្ជាក់របស់លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃបានឲ្យដឹងនាពេលកន្លងទៅថា ក្រុមកម្មករទាំងអស់នេះសុទ្ធតែជាកម្មករដែលមានការធានាដោយច្បាប់សន្តិសុខសង្គមថៃ ដូចនេះពួកគេអាចមកដាក់ពាក្យដើម្បីទទួលយកប្រាក់សំណងបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    ដោយផ្អែកទៅលើច្បាប់សន្តិសុខសង្គមថៃក្រុមកម្មករដែលបានបាត់បង់ការងារទាំងអស់នេះនឹងទទួលបានប្រាក់សំណង ៥០%​ នៃប្រាក់ខែគោលប្រចាំថ្ងៃរបស់ពួកគេក្នុងរយៈពេល ៩០ ថ្ងៃជាប់គ្នា ខណៈដែលប្រាក់ខែជាមធ្យមរបស់ពួកគេគឺ ៥០០ បាត (១៦,៧ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ឬ ១៥ ០០០ បាត (៥០១,៥ ដុល្លារអាមេរិក) ក្នុងមួយខែ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ការទូទាត់ប្រាក់សំណងជូនក្រុមកម្មករលើកនេះនឹងឆាប់រហ័សហើយងាយស្រួលជាងលើកមុន​ ដោយគេនឹងបញ្ចូលប្រាក់សំណងទៅកាន់គណនីធនាគាររបស់កម្មករម្នាក់ៗភ្លាមតែម្តងបន្ទាប់ពីពួកគេបានដាក់ពាក្យនិងត្រូវបានអាជ្ញាធរសម្រេចអនុញ្ញាតជាផ្លូវការ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានប្រើប្រាស់ប្រាក់ប្រមាណជា ១៥ ពាន់លានបាតហើយ (ជាង ៥០១លានដុល្លារអាមេរិក) សម្រាប់ធ្វើការទូទាត់ប្រាក់ឲ្យក្រុមកម្មករប្រមាណជា ៩៥០​ ០០០ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: