ក្រោយដឹងថាខ្លួនមិនអាចរស់នៅបានយូរ ស្ត្រីជាម្តាយដែលកើតជំងឺកូវីដ១៩ សុំគ្រូពេទ្យដោះម៉ាស់គ្របមុខគាត់ចេញ ដើម្បីនិយាយពាក្យចុងក្រោយទៅកាន់កូនស្រី ដែលកំពុងកើតកូវីដ១៩ដូចគ្នា ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក
អង់គ្លេស៖ សារព័ត៌មាន The Sun បានចុះផ្សាយនូវអត្ថបទដ៏គួរឲ្យរំជួលចិត្តមួយអំពីជីវិតចុងក្រោយនៃអ្នកជំងឺកូវីដ ១៩ ម្នាក់ដែលបានស្នើសុំឲ្យវេជ្ជបណ្ឌិតដោះម៉ាស់ចេញពីមុខរបស់គាត់ដើម្បីឲ្យគាត់អាចនិយាយពាក្យចុងក្រោយមួយម៉ាត់ខ្លីទៅកាន់កូនស្រីជាទីស្រលាញ់របស់គាត់។ ប្រភពខាងលើបានឲ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Leicester Royal Infirmary ស្ថិតនៅក្នុងទីក្រុង Leicester នៃប្រទេសអង់គ្លេស។ ស្រ្តីជាអ្នកជំងឺកូវីដ ១៩ ដែលមានពាក្យចុងក្រោយចង់ប្រាប់ទៅកាន់កូនស្រីនោះមានឈ្មោះថា Maria Rico អាយុ ៧៦ ឆ្នាំ ខណៈស្រ្តីជាកូនស្រីរបស់គាត់មានឈ្មោះថា Anabel Sharma អាយុ ៤៩ ឆ្នាំ ហើយរូបគាត់ក៏ជាអ្នកជំងឺកូវីដ ១៩ ផងដែរ ហើយអ្នកជំងឺកូវីដ ១៩ ម្តាយកូនទាំង ២ នាក់នេះបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយគ្នា។

អ្នកស្រី Maria Rico អាយុ ៧៦ (ឆ្វេង) និងកូនស្រីរបស់គាត់ (ស្តាំ)
ដោយដឹងពីស្ថានភាពសុខភាពរបស់ខ្លួនចេះតែចុះខ្សោយខ្លាំងនិងមិនរំពឹងថាអាចបន្តនៅរស់បានយូរទៀតនោះ ស្រ្តីជាម្តាយបានប្រាប់ទៅខាងវេជ្ជបណ្ឌិតថា គាត់ចង់ជួបកូនស្រីរបស់គាត់និងនិយាយពាក្យដ៏ខ្លីមួយទៅកាន់កូនស្រីរបស់គាត់ជាលើងចុងក្រោយ។ បន្ទាប់ពីគេបានរៀបចំឲ្យម្តាយកូនទាំង ២ នាក់បានជួបគ្នា ស្ត្រីជាម្តាយបានព្យាយាមចាប់កាន់ដៃកូនស្រី ហើយពាក្យចុងក្រោយដែលគាត់បាននិយាយនោះគឺ “ម៉ាក់ស្រលាញ់កូន ម៉ាក់មានមោទនកភាពចំពោះកូន ហើយកូនត្រូវតែខំប្រឹងតស៊ូ ដើម្បីបានត្រលប់ទៅផ្ទះវិញមើលថែកូនៗ” ហើយអ្នកស្រី Anabel Sharma ក៏បាននិយាយលើកទឹកចិត្តទៅកាន់អ្នកម្តាយវិញដែរ។ អ្នកទាំង២បានចំណាយពេលវេលាចុងក្រោយនៅជាមួយគ្នាប្រមាណ៥នាទី ហើយអ្នកស្រី Anabel Sharma បានកាន់ដៃម្តាយជាប់រហូតដល់គាត់លាចាកលោកទៅ។ រឿងរ៉ាវមួយនេះត្រូវបានបុគ្គលិកនៅក្នុងមន្ទីរពេទ្យថតនិងយកទៅបង្ហោះតាមបណ្តាញអ៊ីនធឺណិត ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនិងសារព័ត៌មានធំៗជាច្រើននៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Sun