ប្រទេសន័រវេសបើកការស៊ើបអង្កេតជាបន្ទាន់មួយ បន្ទាប់ពីមានពលរដ្ឋ ២នាក់ បានទទួលមរណភាព ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
ទីភ្នាក់ងារឱសថនៃប្រទេសន័រវេសបានប្រកាសថា ពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុងមណ្ឌលថែទាំចំនួន ២នាក់ បានទទួលមរណភាព រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយឥឡូវនេះការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះការស្លាប់នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការស្លាប់នេះបានពោលថា៖«យើងត្រូវតែវាយតម្លៃថា តើវ៉ាក់សាំងគឺជាមូលហេតុនៃការស្លាប់ឬវាជាការចៃដន្យ ដែលមរណភាពបានកើតឡើងភ្លាមៗ បន្ទាប់ពីការចាក់វ៉ាក់សាំង»។

ប្រភពបានកត់សម្គាល់ថា ដោយសារតែមនុស្សចាស់ជរាមានឱកាសទទួលការចាក់វ៉ាក់សាំងមុនគេ វាអាចទៅរួចទាំងស្រុងដែលថា ការស្លាប់អាចកើតឡើងដោយចៃដន្យ។ ជម្រាបដែរថាមានមនុស្សប្រហែល ៤០០នាក់ បានស្លាប់ជារៀងរាល់សប្តាហ៍ នៅក្នុងមណ្ឌលថែទាំចាស់ជរានៅប្រទេសន័រវេស។ ឥឡូវនេះទីភ្នាក់ងារឱសថ រួមជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កំពុងពិនិត្យមើលការស្លាប់របស់អ្នកទាំង ២ ។
ទិន្នន័យបានបញ្ជាក់ថា ផលប៉ះពាល់ពីវ៉ាក់សាំងគឺមានតិចតួចនិងមិនរហូតនោះទេ ទោះបីជាមានរបាយការណ៍ខ្លះ បាននិយាយពីប្រតិកម្មអាលែហ្សីនៅសហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងចំណោមមនុស្សដែលធ្លាប់មានប្រវត្តិបែបនេះក៏ដោយ។ មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនបានទទួលវ៉ាក់សាំង Pfizer-BioNTech រួមទាំងអនុប្រធានាធិបតីអាមេរិកលោក Mike Pence ផងដែរ។ ការចាក់វ៉ាក់សាំងបង្ការជាមួយវ៉ាក់សាំងនេះ បានចាប់ផ្តើមនៅក្នុងប្រទេសន័រវេសចាប់តាំងថ្ងៃទី២៧ ខែធ្នូ មកម៉្លេះ៕


អត្ថបទ៖ លីដា
ប្រភព៖ RT