ករណីនារីអូតែស, ស្ដេចប្រដាល់ហ្វីលីពីន ប៉ាក់គីអាវ ប្រកាសថាអ្នកដែលអាចចាប់ជនសង្ស័យពាក់ព័ន្ធ នឹងផ្តល់ប្រាក់រង្វាន់ចំនួន…
កំពូលស្ដេចប្រដាល់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអាវ (Manny Pacquiao) ដែលជាសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកនឹងផ្តល់ប្រាក់ជាង ៧,៥០០ ផោន ឬ ១០,០០០ ដុល្លារអាមេរិក ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះករណីរបស់នាង Christine Angelica Dacera ដែលបានដេកស្លាប់នៅក្នុងបន្ទប់ទឹកសណ្ឋាគារផ្កាយ៤ City Garden នៅតំបន់ Makati ទីក្រុងម៉ានីល នាពេលថ្មីៗនេះ។ គាត់ក៏បានបង្ហើបឱ្យដឹងដែរថា គាត់ធ្លាប់បានជួបនាង Christine ពីមុនមក ក៏ដូចដែលគាត់បានស្គាល់ក្រុមគ្រួសាររបស់នាងផ្ទាល់ផងដែរ។

លោក ប៉ាក់គីអាវ បានប្រាប់ស្ថានីយ៍វិទ្យុ DZRH តាមរយៈសារព័ត៌មាន The Inquirer ថា៖«ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥០០,០០០ ពេសូ ដល់អ្នកដែលអាចចាប់ជនសង្ស័យបាន»។
ជម្រាបដែរថាកញ្ញា Christine Angelica Dacera អាយុ ២៣ឆ្នាំ បានទៅចូលរួមជប់លៀងឆ្លងឆ្នាំជាមួយមិត្តរួមការងាររបស់នាង ហើយក្រោយមកព្រឹកបន្ទាប់ប្រហែលជាម៉ោង ១០ មានមិត្តរបស់នាងម្នាក់បានចាប់អារម្មណ៍ថា នាងបានគេងលក់ក្នុងបន្ទប់ទឹក ហើយក៏បានយកភួយទៅដណ្ដប់ឱ្យនាង ប៉ុន្តែកាពិតទៅគឺនាងបានដេកស្លាប់នៅទីនោះមិនដឹងតាំងពីម៉ោងណានោះទេ។
ប៉ូលីសដាក់ការសង្ស័យថា នាងប្រហែលជាត្រូវបានគេរំលោភបូក ហើយលើខ្លួននាងក៏មានស្នាមរបួសផងដែរ ប៉ុន្តែយ៉ាងណាការស៊ើបអង្កេតនៅតែបន្ដ ហើយលទ្ធផលថ្មីចុងក្រោយបានបង្ហាញថា នាងមានបញ្ហាប៉ោងសរសៃឈាមក្រហម (aneurysm) ខណៈខាងកោសល្យវិច័យកំពុងធ្វើការពិនិត្យលើគ្រឿងស្រវឹង និងសារធាតុញៀន៕




អត្ថបទ៖ លីដា
ប្រភព៖ The Sun