រដ្ឋមួយនៅប្រទេសអូស្រ្តាលី កំពុងជួបបញ្ហាកំដៅកើនឡើងខ្លាំង ក្តៅរហូតរលាយថ្នល់កៅស៊ូស្អិតជាប់ពេញកង់ឡាន
អូស្ត្រាលី៖ អាកាសធាតុឡើងក្តៅខ្លាំងកំពុងបង្កបញ្ហាជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងរដ្ឋឃ្វីនលែនភាគខាងជើងប្រទេសអូស្រ្តាលី ហើយវាមិនមែនជាលើកទីមួយទេ ដែលតំបន់ខាងលើនេះជួបប្រទះនឹងបញ្ហាដូចនេះ ពោលគឺកន្លងមកបញ្ហាកើនឡើងកម្តៅនេះធ្លាប់កើតរួចជាច្រើនដងមកហើយ។ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលប្រជាពលរដ្ឋឃ្វីនលែនខាងជើងកំពុងជួបប្រទះនៅពេលនេះ គឺផ្លូវថ្នល់ក្រាលកៅស៊ូ Malanda Millaa Millaa ដែលនៅជិតតំបន់ Tarzali ត្រូវបានបិទ ដោយសារតែកៅស៊ូក្រាលថ្នល់នោះបានរលាយចេញជាតិកៅស៊ូ ធ្វើឲ្យស្វិតជាប់ពេញកង់រថយន្តប្រមាណ៦០គ្រឿងបាន និងមិនអាចធ្វើដំណើរបាន។
ប្រជាពលរដ្ឋភាគច្រើនត្រូវសម្ងំនៅក្នុងផ្ទះ មិនចង់ចេញក្រៅ ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ហើយប្រជាពលរដ្ឋចាស់ៗមួយចំនួនក៏ត្រូវមានជំងឺផងដែរ។ មកទល់នឹងពេលនេះអភិបាលរដ្ឋឃ្វីនលែន បានកំណត់បញ្ហានេះជាបញ្ហាអទិភាពសម្រាប់ក្រុមការងារជួយសង្គ្រោះឲ្យត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេល ក្នុងករណីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើង៕
អត្ថបទ៖ ភក្តី
ប្រភព៖ abc





