អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានរកឃើញជំងឺអេបូឡា កំពុងព្រមានពីវីរុសថ្មីមួយទៀត ដែលគ្រោះថ្នាក់ និងរីករាលដាលរហ័សដូចជំងឺកូវីដ១៩ ហើយវីរុសនេះអាចក្លាយជារោគរាតត្បាតនាពេលអនាគត
អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានជួយរកឃើញវីរុសអេបូឡានៅទ្វីបអាហ្រ្វិក កាលពីប្រហែល ៤០ឆ្នាំមុន បានព្រមានពីវីរុសថ្មីមួយទៀត ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរីករាលដាលយ៉ាងឆាប់រហ័សដូចជាជំងឺ COVID-19 ។ សាស្រ្តាចារ្យលោក Jean-Jacques Muyembe Tamfum បានព្រមានថា មនុស្សជាតិប្រឈមនឹងការគំរាមកំហែងដែលមិនស្គាល់ជាច្រើន ក្នុងទម្រង់ជាជំងឺដែលអាចធ្វើឱ្យមនុស្សទូទាំងពិភពលោកជួបគ្រោះថ្នាក់។

ខណៈដែលជំងឺ COVID-19 ចំនួន ២ ប្រភេទផ្សេងគ្នា បានធ្វើឱ្យកក្រើកដល់ពិភពលោក ជាមួយនឹងការកើនឡើងនៃករណីនាពេលថ្មីៗ ការរំពឹងថានឹងមានជំងឺប្រភេទថ្មី ឬហៅថា «ជំងឺ X» ក៏បានកើតមានឡើង ហើយវានឹងក្លាយជាជំងឺរាតត្បាតនាពេលអនាគត (X សំដៅទៅលើជំងឺដែលនឹងកើតមានឡើងយ៉ាងនឹកស្មានមិនដល់)។ បច្ចុប្បន្ននេះការគំរាមកំហែងនៃ «ជំងឺ X» បានជះឥទ្ធិពលដល់មនុស្សយ៉ាងខ្លាំង ហើយត្រូវបានគេនិយាយថា មានគ្រោះថ្នាក់ដល់អាយុជីវិតដូចវីរុសអេបូឡា រាលដាលយ៉ាងលឿនដូចវីរុសកូរ៉ូណា និងអាចចាប់ផ្តើមការរាតត្បាតមួយនៅថ្ងៃខាងមុខទៀត។
សាស្រ្តាចារ្យលោក Jean-Jacques Muyembe Tamfum បានបន្ថែមថា វីរុសទាំងនេះលេចចេញពីព្រៃត្រូពិកនៃទ្វីបអាហ្រ្វិក អាចរីករាលដាលយ៉ាងឆាប់រហ័ស និងជាការគំរាមកំហែងដល់មនុស្សជាតិ។ នៅពេលត្រូវបានគេសួរថា តើមានជំងឺឬការឆ្លងថ្មីណាមួយអាចអាក្រក់ជាងជំងឺ COVID-19 ដែរទេ? លោកសាស្ត្រាចារ្យបាននិយាយថា «បាទខ្ញុំគិតដូច្នេះ» ។
សុន្ទរកថារបស់លោកបានធ្វើឡើងនៅពេលដែលមានស្ត្រីម្នាក់ នៅទីប្រជុំជនដាច់ស្រយាលមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្ហាញរោគសញ្ញាគ្រុនក្តៅម៉្យាង (hemorrhagic fever) ដែលអ្នកវិទ្យាសាស្ត្របារម្ភថា អាចជាវីរុសថ្មី និងអាចបណ្តាលឱ្យស្លាប់បាន។ វាអាចឆ្លងលឿនដូចជាវីរុសកូរ៉ូណា និងមានអត្រាស្លាប់ពី ៥០-៩០%។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺស្ត្រីនោះបានធ្វើតេស្ដគ្រប់ជំងឺទាំងអស់ រួមទាំងជំងឺអេបូឡា ប៉ុន្តែលទ្ធផលអវិជ្ជមានទាំងអស់។
ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យ Tamfum ក៏បានក្រើនរំលឹកផងដែរថា ជំងឺដែលកើតពីសត្វជាច្រើនទៀត ជាពិសេសជំងឺដែលអាចចម្លងពីសត្វទៅមនុស្សនឹងអាចកើតមានឡើង។ លោកបានបញ្ជាក់ថា ជំងឺដូចជាគ្រុនផ្តាសាយ ជំងឺឆ្កែឆ្កួត និងគ្រុនលឿង គឺសុទ្ធតែជាជំងឺចម្លងពីសត្វមកមនុស្ស ហើយមេរោគថ្មីកើតឡើងជារឿងធម្មតា ហើយអាចនាំឱ្យមានការឆ្លងរីករាលដាល និងរោគរាតត្បាតនាពេលអនាគត៕


អត្ថបទ៖ លីដា
ប្រភព៖ Business Today